រដ្ឋាភិបាលប្រទេសគុយបា បានប្រកាសពីការស្លាប់របស់ពលរដ្ឋខ្លួនចំនួន៣២នាក់ក្នុងអំឡុងពេលវាយឆ្មក់ដោយយោធាសហរដ្ឋអាមេរិកដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro នៅទីក្រុង Caracas។

ទីក្រុងឡាហាវ៉ាន បាននិយាយកាលពីថ្ងៃអាទិត្យថា នឹងមានការកាន់ទុក្ខរយៈពេលពីរថ្ងៃ នៅថ្ងៃទី៥ និងទី ៦ ខែមករានេះ ដើម្បីគោរពវិញ្ញាណក្ខ័នដល់អ្នកដែលត្រូវបានសម្លាប់ ហើយការរៀបចំពិធីបុណ្យសពនឹងត្រូវបានប្រកាស។

ទីភ្នាក់ងារ Prensa Latina ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា «អ្នកប្រយុទ្ធ» គុយបាត្រូវបានសម្លាប់ខណៈពេលកំពុង«បំពេញបេសកកម្ម»ក្នុងនាមយោធារបស់ប្រទេស តាមការស្នើសុំរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា។ ទីភ្នាក់ងារនេះបាននិយាយថា ជនជាតិគុយបាដែលត្រូវបានសម្លាប់ «បានចូលក្នុងការប្រយុទ្ធដោយផ្ទាល់ប្រឆាំងនឹងអ្នកវាយប្រហារ ឬបណ្តាលមកពីការទម្លាក់គ្រាប់បែកលើទីតាំងជាច្រើន កន្លែងបន្ទាប់ពីបានទប់ទល់យ៉ាងខ្លាំងក្លា»។
ប្រទេសគុយបា គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ដែលបានបញ្ជូនកងកម្លាំងយោធា និងនគរបាលដើម្បីជួយក្នុងប្រតិបត្តិការនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ រយៈពេលជាច្រើនឆ្នាំមកហើយ។