ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦នេះថា ទាហានថៃបាននឹងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរ, ទង្វើនេះជាការបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការបំផ្លិចបំផ្លាញសំបែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរនេះបានធ្វើឡើងដោយការវាយប្រហារសំដៅគោលដៅស៊ីវិលកាលពីក្នុងអំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ ផង និងបន្តបំផ្លាញដោយកម្លាំងគ្រឿងចក្រនិងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន។ លើសពីនេះទាហានថៃថែមទាំងបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន ហើយបាននិងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ និងបានលួច ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ទង្វើដ៏ឃោរឃៅនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បន្ថែមថា ការដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួស ក៏ដូចជាការដោតទង់ជាតិក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់ បង្ហាញយ៉ាងច្បាស់ពីអំពើរំលោភបំពានដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីសំណាក់យោធាថៃ ខណៈដែលការវាយកម្ទេចផ្ទះសំបែងប្រជាពលរដ្ឋស្លូតត្រង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ កាន់តែអាក្រក់ជាងនេះទៅទៀត ភស្តុតាងបានបង្ហាញថា យោធាថៃបានប្រព្រឹត្តបទល្មើសលួច ប្លន់ ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនបានហ៊ុមព័ទ្ធដែលជាសកម្មភាពអមនុស្សធម៌មិនអាចទទួលយកបាននិងត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ៕













