ចំនួនអ្នកស្លាប់នៅក្នុងប្រតិបត្តិការយោធាសហរដ្ឋអាមេរិក ដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយឥឡូវនេះ ទីក្រុងការ៉ាកាស បានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងហោចណាស់ ៨០នាក់ហើយ។

យោងតាមរបាយការណ៍មួយនៅក្នុងកាសែត The New York Times កាលពីថ្ងៃអាទិត្យ (៤ មករា) កន្លងទៅ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់វ៉េណេស៊ុយអេឡាបានឱ្យដឹងថា ចំនួនអ្នកស្លាប់នេះអាចកើនឡើងបន្ថែមទៀត ដោយសារការវាយតម្លៃកំពុងតែបន្ត។

របាយការណ៍នេះផ្តល់នូវតួលេខអ្នកស្លាប់ជាក់លាក់ ជាលើកដំបូងពីភាគីវ៉េណេស៊ុយអេឡា បន្ទាប់ពីការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍កន្លងទៅ។ នៅមុននោះ រដ្ឋមន្ត្រីក្រសួងការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino បានបញ្ជាក់ថា «ផ្នែកដ៏ធំ» នៃក្រុមសន្តិសុខរបស់លោកប្រធានាធិបតី Maduro ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការយោធានេះ ប៉ុន្តែមិនបានផ្តល់ចំនួនពិតប្រាកដនោះទេ។
ចំនួនអ្នកស្លាប់ដ៏ខ្ពស់ បានបង្ហាញពីកម្រិតធ្ងន់ធ្ងរនៃសកម្មភាពយោធា ដែលធ្វើឡើងដោយកងកម្លាំងអាមេរិក លើទឹកដីវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនប្រមុខរដ្ឋដែលកំពុងកាន់អំណាច។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា ប្រតិបត្តិការនេះបាននាំឱ្យមានការចាប់ខ្លួនលោក Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores ដោយជោគជ័យ ខណៈអ្នកទាំងពីរ ឥឡូវនេះកំពុងប្រឈមដំណើរការផ្លូវច្បាប់នៅសហរដ្ឋអាមេរិក៕

