ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះប្រតិបត្តិការបង្រាបល្បែងស៊ីសងហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្សជិត១០នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ លោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្រាបល្បែងស៊ីសង ហ្គេមបាញ់ត្រី ស្ថិតនៅភូមិ៤ ផ្លូវ៩៧ កែងផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
មន្រ្តីសាលាខណ្ឌចំការមន បានឲ្យដឹងថា នៅមុនឈានដល់ការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនេះ ដោយការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ រស់នៅជិតខាងទីតាំងលួចបើកល្បែងស៊ីសងនេះ និងមានមនុស្សប្រុសស្រីក្មេងៗ ស្ទាវៗ ចេញចូលលេងពពាក់ពពូន បង្កភាពអសន្តិសុខ ដល់ការរស់នៅរបស់បងប្អូនពលរដ្ឋ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបាន ឃាត់មនុស្សចំនួន០៧ ស្រី០២នាក់ និងទូហ្គេមបាញ់ត្រីចំនួន ០២ទូ និងទូកុំព្យូទ័រចំនួន០៦គ្រឿង រួចយកទៅរក្សារទុកនៅសាលាខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ




