នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi មិនបានថ្លែងដោយផ្ទាល់អំពីសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាទេ រួមទាំងការចាប់ខ្លួនប្រធានាធិបតីនៃប្រទេសនេះ គឺលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយារបស់លោក ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានឆ្នាំថ្មី អ្នកសារព័ត៌មានបានស្នើសុំឲ្យ លោកស្រី Takaichi ធ្វើអត្ថាធិប្បាយអំពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយកត់សម្គាល់ពីការរិះគន់យ៉ាងទូលំទូលាយពីអន្តរជាតិចំពោះទីក្រុងវ៉ាស៊ីនតោន។ លោកស្រីបាននិយាយថា៖«ទាក់ទងនឹងស្ថានភាព នៅវ៉េណេស៊ុយអេឡា អាទិភាពរបស់រដ្ឋាភិបាលជប៉ុន គឺធានាសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន រស់នៅទីនោះ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសពាក់ព័ន្ធទាំងអស់លើរឿងនេះ»។
លោកស្រី Takaichi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «ការស្តារឡើងវិញយ៉ាងឆាប់រហ័សនៃលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពនៃស្ថានភាព» នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយបន្ថែមថា ប្រទេសជប៉ុន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ និងប្រទេស G7 ឆ្ពោះទៅរកគោលដៅនេះ។ លោកស្រីមិនបានធ្វើអត្ថាធិប្បាយអំពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងការចាប់ខ្លួន និងការបណ្តេញលោក ម៉ាឌូរ៉ូ ចេញពីប្រទេសនោះទេ៕

