លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិក ត្រូវការ «សិទ្ធិទាំងស្រុង» ចូលទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ខណៈដែលមន្ទិលសង្ស័យកើនឡើង ជុំវិញការដឹកនាំរបស់ប្រទេសនេះ បន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំ លោក Nicolas Maduro។
កាលពីថ្ងៃអាទិត្យ (ទី៤ ខែមករា ឆ្នាំ២០២៦) នៅពេលដែលលោកត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ ក្រោយចំណាយពេលវិស្សមកាល នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុង Palm Beach លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «យើងត្រូវការសិទ្ធិចូលទៅទាំងស្រុង។ យើងត្រូវការសិទ្ធិចូលទៅកាន់ទីតាំងប្រេង និងអ្វីៗផ្សេងទៀត នៅក្នុងប្រទេសនេះ ដែលនឹងអាចឲ្យយើងកសាងប្រទេសនេះឡើងវិញ»។

ដោយលោក Maduro ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទគ្រឿងញៀន អាវុធ និងអំពើភេរវកម្ម នៅទីក្រុង New York បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួន កាលពីចុងសប្តាហ៍កន្លងមក លោក Trump បានប្រាប់ថា ក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិក នឹងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលដែលខូចខាតរបស់ប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ។
លោក Trump បានបន្ថែមថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ប៉ុន្តែបានបញ្ជាក់ថា លោកមិនបានជជែកជាមួយលោកស្រីទេ។ លោកបានប្រាប់ថា «យើងកំពុងគ្រប់គ្រង» ហើយពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងរយៈពេលខ្លីខាងមុខ លោកបាននិយាយថា៖ «មែនហើយ វាអាស្រ័យស្ថានភាពជាក់ស្ដែង។ យើងត្រូវធ្វើរឿងអ្វីមួយ នៅវ៉េណេស៊ុយអេឡា ពោលគឺស្ដារវា (ប្រទេស) ឡើងវិញ»។
ចំណែកលោកស្រី Rodriguez បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា លោកស្រីកំពុងអញ្ជើញសហរដ្ឋអាមេរិកឲ្យធ្វើការជាមួយលោកស្រី «នៅលើរបៀបវារៈកិច្ចសហប្រតិបត្តិការ សំដៅលើការអភិវឌ្ឍរួមគ្នា ក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ និងដើម្បីពង្រឹងការរួមរស់ជាសហគមន៍យូរអង្វែង»៕


