អេស្ប៉ាញ និងបណ្ដាប្រទេស នៅតំបន់អាមេរិកឡាទីនចំនួន៥ គឺប្រេស៊ីល ឈីលី កូឡុំប៊ី ម៉ិកស៊ិក និងអ៊ុយរូហ្គាយ បានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅវ៉េណេស៊ុយអេឡា ដោយព្រមានពីហានិភ័យបង្កជាអស្ថិរភាព ក្នុងតំបន់។
តាមរយៈសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃអាទិត្យ (ទី៤ ខែមករា ឆ្នាំ២០២៦) បណ្តាប្រទេសទាំងនោះ បានលើកឡើងថា៖ «យើងសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងការបដិសេធ ចំពោះការអនុវត្តជាឯកតោភាគីនូវវិធានការយោធា នៅលើទឹកដីវ៉េណេស៊ុយអេឡា ដែលបំពានលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសការហាមឃាត់មិនឲ្យគំរាមកំហែង និងប្រើប្រាស់កម្លាំង ហើយនិងការគោរព ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនានា ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានបញ្ជាក់អះអាងថា វិធានការយោធារបស់សហរដ្ឋអាមេរិក នៅវ៉េណេស៊ុយអេឡា បាននាំឲ្យមានការ «ចាប់ខ្លួន» លោកប្រធានាធិបតី Nicolas Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores ហើយថែមទាំងបានសន្យាថា នឹងអះអាងពីការគ្រប់គ្រងរបស់អាមេរិកលើប្រទេសនេះ នាពេលនេះ ដោយកងទ័ពអាមេរិក ប្រសិនបើចាំបាច់។
មេដឹកនាំវ៉េណេស៊ុយអេឡា និងភរិយា បានទៅដល់ទីក្រុង New York កាលពីល្ងាចថ្ងៃសៅរ៍ ហើយត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង ក្នុងតំបន់ Brooklyn។ អ្នកទាំង២ ត្រូវប្រឈមនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងការចោទប្រកាន់ថា មានកិច្ចសហប្រតិបត្តិការជាមួយក្រុមអន្ធពាលដែលត្រូវបានចាត់ទុកជាអង្គការភេរវករ។ លោក Maduro បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយក្រុមមន្ត្រីនៅរដ្ឋធានីការ៉ាកាសរបស់វ៉េណេស៊ុយអេឡា បានអំពាវនាវឲ្យមានការដោះលែងអ្នកទាំង២៕


