សម្តេច ប៉ាប ឡេអូ ទី១៤ (Leo XIV) កាលពីថ្ងៃអាទិត្យ (ទី៤ ខែមករា ឆ្នាំ២០២៦) បានអំពាវនាវឲ្យមានសន្តិភាព ការគោរពអធិបតេយ្យភាព និងការការពារសិទ្ធិមនុស្ស និងសិទ្ធិជនស៊ីវិល នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយារបស់លោក ដោយកងកម្លាំងរបស់សហរដ្ឋអាមេរិក។
យោងតាមព័ត៌មានពីបុរីវ៉ាទីកង់ បានឲ្យដឹងថា អំឡុងពេលមានព្រះបន្ទូល នៅឯពិធីអធិដ្ឋាន Angelus នាថ្ងៃត្រង់ នៅទីលាន St. Peter's Square សម្តេច ប៉ាប បានសម្តែងព្រះទ័យព្រួយបារម្ភ ចំពោះសភាពការណ៍វិវត្តន៍ នាពេលថ្មីៗនេះ ហើយបានមានព្រះបន្ទូលថា «សេចក្តីល្អរបស់ប្រជាជនវ៉េណេស៊ុយអេឡាជាទីស្រឡាញ់ ត្រូវតែអាចជម្នះលើបញ្ហាផ្សេងទៀត ហើយនាំឲ្យយើងយកឈ្នះ លើអំពើហិង្សា និងដើម្បីអនុវត្តនូវវិធីដ៏យុត្តិធម៌ និងសន្តិភាព ការពារអធិបតេយ្យភាពរបស់ប្រទេស ដែលធានានូវការគ្រប់គ្រងតាមរដ្ឋធម្មនុញ្ញ»។

ជាមួយគ្នានេះ ព្រះអង្គបានអំពាវនាវឲ្យ «គោរពសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិលរបស់មនុស្សម្នាក់ៗ និងទាំងអស់គ្នា ហើយធ្វើការ ដើម្បីរួមគ្នាសាងនូវអនាគតដ៏ស្ងប់ស្ងាត់នៃកិច្ចសហការ ស្ថិរភាព និងឯកភាព ដោយយកចិត្តទុកដាក់ជាពិសេស ចំពោះជនក្រីក្របំផុតដែលរងគ្រោះដោយសារស្ថានភាពសេដ្ឋកិច្ចដ៏លំបាក»។
សម្ដេចសង្ឃកាតូលិក បានបញ្ចប់់ការអំពាវនាវរបស់ព្រះអង្គដោយជំរុញឲ្យមានជំនឿលើព្រះអម្ចាស់ ដោយមានព្រះបន្ទូលថា «ចូរយើងបន្តមានជំនឿលើព្រះអម្ចាស់នៃសន្តិភាព» ហើយអំពាវនាវឲ្យមានសាមគ្គីភាពជាមួយមនុស្សដែលរងទុក្ខដោយសារសង្គ្រាម។
គួរបញ្ជាក់ថា វ៉េណេស៊ុយអេឡា កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានឲ្យដឹងថា សហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងស៊ីវិល និងយោធា នៅក្នុងរដ្ឋជាច្រើន ហើយបន្ទាប់មក បានប្រកាសភាពអាសន្នជាតិ។ ក្រោយមកប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់អំពីវាយប្រហារ «ទ្រង់ទ្រាយធំ» ដោយបន្ថែមថា លោក Maduro និងភរិយា ត្រូវបានចាប់ខ្លួន និងបានដឹកតាមយន្តហោះចេញពីប្រទេស៕


