បាត់ដំបង៖ប្រជាពលរដ្ឋមួយក្រុមរស់នៅឃុំព្រះផុសស្រុកគាស់ក្រឡដែលចាញ់បោកការឃោសនារបស់គណបក្សភ្លើងទៀននាពេលកន្លងមក នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះបាននាំគ្នាទៅលុបឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់ព្រមឈរឈ្មោះជាបេក្ខជនបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ដោយសារពួកគាត់បានចាញ់បោកការឃោសនារបស់គណបក្សនេះ ដោយកន្លងមកគណបក្សនេះបានសន្យាផ្ដល់ដីឱ្យពួកគាត់ប្រសិនបើពួកគាត់ព្រមឈរឈ្មោះជាបេក្ខជនឱ្យគណបក្សភ្លើងទៀន។
បើតាមឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡបានឱ្យដឹងថា បេក្ខជនឈរឈ្មោះឱ្យគណបក្សភ្លើងទៀនដែលបានមកដកឈ្មោះវិញនៅថ្ងៃនេះមានចំនួន៧នាក់ ។
ឯកឧត្តម ស្រេង វង្សហៀង គូសបញ្ជាក់ថា ពួកគាត់មកដកឈ្មោះវិញដោយសារពួកគាត់ចាញ់បោកការឃោសនាកន្លងមករបស់សកម្មជនគណបក្សភ្លើងទៀន។បន្ទាប់ពីពួកគាត់បានដឹងរឿងរ៉ាវច្បាស់លាស់ទើបពួកគាត់សម្រេចចិត្តមកដកឈ្មោះចេញវិញភ្លាមៗ៕

