នគរបាល កាលពីថ្ងៃអាទិត្យ (ទី៤ ខែមករា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតត្រូវបានចាប់ពង្រត់ នៅពេលដែលខ្មាន់កាំភ្លើង វាយប្រហារផ្សារនៅតាមភូមិមួយកន្លែង ក្នុងរដ្ឋ Niger របស់ប្រទេសនីហ្សេរីយ៉ា។
អ្នកនាំពាក្យនគរបាល លោក Wasiu Abiodun បាននិយាយថា ខ្មាន់កាំភ្លើង ដែលហៅថា ក្រុមចោរនោះ បានសម្រុកចូលផ្សារ Kasuwan Daji ក្នុងភូមិ Demo នៅម៉ោងប្រហែល ៤ និង ៣០នាទីរសៀល (ម៉ោងក្នុងស្រុក) នាថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដោយដុតតូបនានា និងលួចទំនិញស្បៀងអាហារ។

បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ពួកខ្មាន់កាំភ្លើងបានទៅដល់ទីនោះដោយម៉ូតូ ហើយបានបាញ់ប្រហារដោយមិនរើសមុខ។ ពួកគេបាននិយាយថា អំពើហិង្សានេះ គឺជាផ្នែកមួយនៃការវាយឆ្មក់ជាបន្តបន្ទាប់ដែលបានចាប់ផ្តើមកើតមានកាលពីថ្ងៃសុក្រ នៅក្នុងភូមិក្បែរនោះ Agwarra និង Borgu។
យោធានីហ្សេរីយ៉ា មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយគួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីខ្មាន់កាំភ្លើង បានចាប់កុមារ និងបុគ្គលិកនៃសាលាកាតូលិកជាង ៣០០នាក់ ក្នុងរដ្ឋនេះ នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា។ ជនរងគ្រោះទាំងនោះ ត្រូវបានដោះលែងវិញ បន្ទាប់ពីត្រូវបានឃុំជិតមួយខែ៕
