នៅថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) នេះ អ៊ីរ៉ង់ចោទអ៊ីស្រាអែលថា បានព្យាយាមធ្វើឲ្យខូចដល់ឯកភាពជាតិរបស់ខ្លួន បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបង្ហាញការគាំទ្រ ចំពោះការតវ៉ានៅសាធារណរដ្ឋឥស្លាម។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baqaei បានលើកឡើងថា៖ «របបគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) មានបំណងទាញយកឱកាសតិចតួចបំផុតនេះ ដើម្បីសាបព្រួសយុទ្ធនាបំបែកបំបាក់ និងធ្វើឲ្យខូចដល់ឯកភាពជាតិរបស់យើង ហើយយើងត្រូវរក្សាការប្រុងប្រយ័ត្ន»។

គួរបញ្ជាក់ថា ក្រុមសិទ្ធិមនុស្ស បានឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា មនុស្សយ៉ាងហោចណាស់ ១៦នាក់ បានបាត់បង់ជីវិរត ក្នុងអំឡុងពេល ១សប្តាហ៍នៃភាពចលាចល នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសារការតវ៉ាបានរីករាលដាលពាសពេញប្រទេស ដែលបង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។
លោក Netanyahu បាននិយាយកាលថ្ងៃអាទិត្យថា អ៊ីស្រាអែល «សូមបង្ហាញនូវការមានសមានចិត្តជាមួយនឹងការតស៊ូ» របស់ប្រជាជនអ៊ីរ៉ង់។ លោក Netanyahu បានបញ្ជាក់ថា៖ «តាមរយៈរដ្ឋាភិបាលអ៊ីស្រាអែល រដ្ឋអ៊ីស្រាអែល និងគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្ញុំ យើងសូមបង្ហាញនូវការមានសមានចិត្តជាមួយនឹងការតស៊ូរបស់ប្រជាជនអ៊ីរ៉ង់ ដែលបំណងប្រាថ្នារបស់ពួកគេ គឺការមានសេរីភាព សិទ្ធិ និងយុត្តិធម៌។ វាពិតជាអាចទៅរួច ដែលថា យើងកំពុងស្ថិតក្នុងពេលវេលា ដែលប្រជាជនអ៊ីរ៉ង់ កំពុងធ្វើឲ្យជោគវាសនារបស់ពួកគេស្ថិតទៅក្នុងដៃរបស់ពួកគេ»៕

