នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា បានផ្តល់ភស្តុតាងបន្ថែមទៀតថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន កំពុងរលាយបាត់ ខណៈពេលដែលពិភពលោកថ្មី មិនទាន់លេចចេញជារូបរាងពេញលេញនៅឡើយ។
លោកបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលរបស់លោក មានបំណងបន្តដើរលើ «មាគ៌ាសន្តិភាព និងសន្តិសុខ»។ លោក Orban បាននិយាយថា៖«នៅក្នុងថ្ងៃដំបូងនៃឆ្នាំនេះ យើងបានទទួលការរំលឹកដ៏សំខាន់មួយថា សណ្តាប់ធ្នាប់ពិភពលោកសេរី កំពុងស្ថិតក្នុងស្ថានភាពដួលរលំ» ដោយសំដៅទៅលើប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលត្រូវបានអនុញ្ញាតដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) ដើម្បីចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ។ នាយករដ្ឋមន្ត្រីហុងគ្រីរូបនេះ បានបន្ថែមថា ការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់តំណែងសេតវិមានកាលពីមួយឆ្នាំមុន បានបង្កឲ្យមាន«ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ» ដល់សណ្តាប់ធ្នាប់ពិភពលោកសេរី។

លោក Orban បានសរសេរនៅលើហ្វេសប៊ុកថា៖«ទោះជាយ៉ាងណាក៏ដោយ ពិភពលោកថ្មីមិនទាន់មានទម្រង់ច្បាស់លាស់នៅឡើយទេ។ ឆ្នាំដែលមិនមានស្ថិរភាព មិនអាចទាយទុកជាមុនបាន និងគ្រោះថ្នាក់ជាងនេះទៅទៀត នឹងមកដល់»។
លោកបានលើកឡើងថា ប្រសិនបើគណបក្សរបស់លោក គឺគណបក្ស Fidesz-Hungarian Civic Union ឈ្នះការបោះឆ្នោតសភា ដែលគ្រោងធ្វើនៅខែមេសា ប្រទេសហុងគ្រី នឹងបន្តអនុវត្ត «គោលនយោបាយសន្តិភាព និងសន្តិសុខ»។ លោក Orban បានថ្លែងថា៖ «យើងមិនចង់បញ្ជូនយុវជនហុងគ្រីទៅសមរភូមិមុខទេ ហើយយើងក៏មិនចង់បំផ្លាញប្រទេស ឬសេដ្ឋកិច្ចហុងគ្រីដែរ» ដោយសង្កត់ធ្ងន់ថា ប្រទេសហុងគ្រីមានបំណង «នៅឲ្យឆ្ងាយពីសង្គ្រាមនៅអ៊ុយក្រែន»៕
