មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់អាមេរិក និយាយថា សហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro និងភរិយារបស់លោក អំឡុងប្រតិបត្តិការយោធានៅពេលយប់ បន្ទាប់ពីកិច្ចខិតខំចារកម្មរាប់ខែ ដើម្បីតាមដានការបំលាស់ទីរបស់លោក ។
ប្រធានអគ្គសេនាធិការកងទ័ពចម្រុះលោកឧត្តមសេនីយ Dan Caine បានបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump បានឯកភាពបេសកកម្មកាលពីវេលាម៉ោង ១០ និង ៤៦នាទីយប់ ម៉ោងក្នុងស្រុក ថ្ងៃសុក្រ ឲ្យយោធាសហរដ្ឋអាមេរិកបន្តប្រតិបត្តិការនៅវេណេស៊ុយអេឡា ។

លោក Caine និយាយថា ក្រុមចារកម្មរបស់ពួកយើង បានធ្វើការអស់រយៈពេលជាច្រើនខែមកហើយ ទើបដឹងពីដានរបស់លោក Maduro ទីកន្លែងដែលលោកធ្វើដំណើរ អ្វីដែលលោកទទួលទាន សូម្បីតែសត្វចិញ្ចឹមដែលលោករក្សាទុក ។
លោកបន្តថា ប្រតិបត្តិការនេះ ពាក់ព័ន្ធនឹងយន្តហោះ ១៥០គ្រឿង និងយោធាជាច្រើនអង្គភាព នៅក្នុងកិច្ចការសម្របសម្រួលមួយ ដើម្បីនាំខ្លួនលោក Maduro ចេញពីទីក្រុង Caracas ខណៈធានាសុវត្ថិភាពរបស់កងកម្លាំងសហរដ្ឋអាមេរិក ។
ឧទ្ធម្ភាគចក្រដឹកកងកម្លាំងពិសេស បានហោះសំកាំងក្នុងរយៈកម្ពស់ទាបពីលើទឹក ការពារដោយបណ្តាញការពារដែនអាកាសគ្រប់ជ្រុងជ្រោយរបស់សហរដ្ឋអាមេរិក ។
បើទោះបីជាប្រឈមនឹងការបាញ់ប្រហាររបស់សត្រូវយ៉ាងណាក្តី កងកម្លាំងសហរដ្ឋអាមេរិក ចាប់បានខ្លួនលោក Maduro និងភរិយារបស់លោក ដោយគ្មានរងគ្រោះថ្នាក់ណាមួយនោះឡើយ ។ ក្រុមមន្រ្តីសហរដ្ឋអាមេរិក បញ្ជាក់ថា លោក Maduro និងភរិយារបស់លោក ត្រូវបាននាំខ្លួនទៅកាន់នាវាផ្ទុកយន្តហោះចម្បាំង USS Iwo Jima ។
លោក Caine បាននិយាយទៀតថា គ្រឿងយុទ្ធោបករណ៍សហរដ្ឋអាមេរិកក្នុងតំបន់ បន្តប្រុងជើងការខ្ពស់ ត្រៀមលើកឡើងពីការគំរាមដែលអាចកើតឡើងណាមួយ ចំពោះសន្តិសុខជាតិ ៕
