មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ព្រឹត្តិការណ៍ថ្មីៗនៅលើឆាកអន្តរជាតិ ទាមទារឲ្យប្រទេសនេះពង្រឹងកម្លាំងទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែររបស់ខ្លួន ខណៈពេលកំពុងសង្កេតមើលសមយុទ្ធបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់កងទ័ពប្រជាជនកូរ៉េ នៅថ្ងៃទី ០៤ ខែមករានេះ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានដកស្រង់សម្តីអគ្គមេបញ្ជាការកំពូលរូបនេះថា ការពង្រឹងកម្លាំងទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ គឺត្រូវបានតម្រូវជាចំាបាច់ ដោយសារតែ «វិបត្តិភូមិសាស្ត្រនយោបាយចុងក្រោយបំផុត និងព្រឹត្តិការណ៍អន្តរជាតិដ៏ស្មុកស្មាញ»។ លោក គីម ជុងអ៊ុន បានបន្ថែមថា គោលបំណងនៃសមយុទ្ធនេះគឺ ដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធនៃប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង និងប្រសិទ្ធភាព និងការចល័តនៃកម្លាំងការពាររបស់កូរ៉េខាងជើង។

លោកបានហៅការធ្វើតេស្ត និងការកែលម្អលក្ខណៈនៃសមាសធាតុសំខាន់ៗនៃកងកម្លាំងទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ និងការអនុវត្តការប្រើប្រាស់កម្លាំងបែបនេះថា ជា «ភារកិច្ចយុទ្ធសាស្ត្រដ៏សំខាន់»។ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសនេះ ត្រូវតែ «ពង្រឹងសមត្ថភាពយោធារបស់ខ្លួនជានិច្ច ជាពិសេសប្រព័ន្ធអាវុធវាយលុករបស់ខ្លួន» ពីព្រោះការធ្វើបែបនេះ គឺចាំបាច់សម្រាប់ការការពារខ្លួនប្រកបដោយប្រសិទ្ធភាព។
លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា៖«វាក៏ចាំបាច់ផងដែរក្នុងការបង្ហាញដល់គូប្រជែងជានិច្ចអំពីការត្រៀមខ្លួនប្រយុទ្ធជាប្រចាំ និងភាពសាហាវនៃអាវុធវាយលុកជាយុទ្ធសាស្ត្រ»។ តាមគំនិតរបស់លោក នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីទប់ស្កាត់សង្គ្រាម។
មីស៊ីលល្បឿនលឿនជាងសំឡេងដែលបាញ់ចេញពីសង្កាត់ Ryongsong នៃទីក្រុងព្យុងយ៉ាងក្នុងទិសដៅភាគឦសាន បានវាយប្រហារគោលដៅ ចម្ងាយ ១.000 គីឡូម៉ែត្រ នៅក្នុងសមុទ្រជប៉ុន ដែលកូរ៉េខាងជើងហៅថា សមុទ្រខាងកើតនោះ៕
