នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បាននិយាយម្តងហើយម្តងទៀតការរិះគន់របស់ទីក្រុងប៉េកាំងចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកនៅវេណេស៊ុយអេឡា ហើយនិងអំពាវនាវឲ្យមានការដោះលែងបន្ទាន់លោកប្រធានាធិបតី Nicolas Maduro ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនមាននូវការព្រួយបារម្ភជាខ្លាំងចំពោះការចាប់ខ្លួនលោក Maduro និងភរិយារបស់លោកពីសំណាក់សហរដ្ឋអាមេរិក ហើយពួកយើងតាមដានយ៉ាងដិតដល់ស្ថានភាពសន្តិសុខ ។

ពេលសួរថាតើចិននឹងបន្តនាំចូលប្រេងវេណេស៊ុយអេឡាដែរឬទេ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីការបង្កើនការផលិតប្រេងសហរដ្ឋអាមេរិកនៅវេណេស៊ុយអេឡានោះ លោក Linនិយាយថា ផលប្រយោជន៍ស្របច្បាប់របស់ចិននៅវេណេស៊ុយអេឡា គួរតែត្រូវបានការពារ ដោយអនុឡោមតាមច្បាប់ ។
លោកបន្តថា ចិននៅតែរក្សាទំនាក់ទំនងវិជ្ជមាន និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡា ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro និងភរិយារបស់លោក អំឡុងប្រតិបត្តិការយោធានៅពេលយប់ បន្ទាប់ពីកិច្ចខិតខំចារកម្មរាប់ខែ ដើម្បីតាមដានការបំលាស់ទីរបស់លោក ៕
