ក្រុមអាជ្ញាធរនិយាយនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនចិន និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៩ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ទៅកាន់ប្រទេសចិន ។
ថ្លែងនៅវេទិកាធុរកិច្ចនាថ្ងៃចន្ទនេះ លោក Lee និយាយថា កូរ៉េខាងត្បូង និងចិន ត្រូវការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើបញ្ញាសិប្បនិម្មិត(AI) ។ លោកបាននិយាយផងដែរថា កិច្ចសហប្រតិបត្តិការលើទំនិញប្រើប្រាស់ដូចជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលសម្រស់ ផលិតផលអាហារ និងផលិតកម្មវប្បធម៌ដូចជា ខ្សែភាពយន្ត តន្រ្តី ហ្គេម និងកីឡា អាចបម្រើជារបកគំហើញថ្មី ។
ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសកិច្ចព្រមព្រៀងចំនួន ៩នៅថ្ងៃចន្ទនេះ ហើយពួកគេនិយាយថា ក្រុមហ៊ុន Alibaba International, Lenovo និងក្រុមហ៊ុន Shinsegae របស់កូរ៉េខាងត្បូង ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ។

លោក Lee បានធ្វើដំណើរទៅដល់ចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃរបស់លោក កាលពីថ្ងៃអាទិត្យ ជាមួយគណៈប្រតិភូមានមេដឹកនាំធុរកិច្ចកូរ៉េខាងត្បូងជាង ២០០នាក់ រួមទាំងប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee ប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won និងប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Euisun Chung ។
ដំណើរទស្សនកិច្ចរបស់លោក Leeទៅកាន់រដ្ឋធានីប៉េកាំងរបស់ចិន គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែមិថុនា ហើយវាបានកើតឡើង ស្របពេលភាពតានតឹងសកល បន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិក ហើយសហរដ្ឋអាមេរិក វាយប្រហារប្រទេសវេណេស៊ុយអេឡា ៕
