ប្រធានាធិបតីត្រូវបានទម្លាក់ចេញពីតំណែងរបស់វេណេស៊ុយអេឡាលោក Nicolas Maduro គ្រោងនឹងឡើងតុលាការសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ក្រោយការចាប់ខ្លួនរបស់លោកកាលពីចុងសប្តាហ៍កន្លងទៅ ដោយកងកម្លាំងអាមេរិក ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបើកទូលាយចំពោះលទ្ធភាពនៃការវាយប្រហារមួយទៀត បើសិនជាទីក្រុងវ៉ាស៊ីនតោន ពុំទទួលបានភាពជោគជ័យជាមួយរដ្ឋាភិបាលស្តីទី ។ លោកថា អ្នកដឹងហើយថា ពួកយើងត្រៀមខ្លួនសម្រាប់រលកទី ២ ។ ពួកយើងទាំងអស់គ្នាត្រៀមខ្លួនរួចជាស្រេច ប៉ុន្តែពួកយើងពុំគិតថា ពួកយើងនឹងត្រូវការធ្វើវានោះទេ ។

លោក Trumpបានព្រមានវេណេស៊ុយអេឡាថា ត្រូវតែសហការជាមួយកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ដើម្បីបើកឧស្សាហកម្មប្រេងរបស់ខ្លួន និងបញ្ឈប់ការជួញដូរគ្រឿងញៀន ។
លោកបានគំរាមចាត់វិធានការយោធាផងដែរនៅប្រទេសកូឡុំប៊ី និងម៉ិកស៊ិក ហើយលោកនិយាយថា របបកុម្មយនិស្តគុយបា ទំនងជាដួលរលំដោយខ្លួនឯងរួចទៅហើយ ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ស្របពេលលោក Maduro ត្រៀមប្រឈមនឹងការចោទប្រកាន់គ្រឿងញៀននៅទីក្រុងញូវយ៉ក ។
ក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់លោក Maduro ថាតម្រង់ផ្លូវកូកាអ៊ីន ប្រើប្រាស់យោធាដើម្បីការពារការដឹកជញ្ជូន ហើយផ្តល់កន្លែងជ្រកកោលដល់ក្រុមជួញដូរគ្រឿងញៀន ។
ការចោទប្រកាន់ដែលត្រូវបានដាក់លើកដំបូងកាលពីឆ្នាំ ២០២០ ត្រូវបានធ្វើបច្ចុប្បន្នភាព រួមទាំងភរិយា Cilia Flores របស់លោក ដែលរងការចោទប្រកាន់ថា បានបញ្ជាឲ្យមានការចាប់ជម្រតិ និងប្រព្រឹត្តអំពើឃាតកម្ម ៕
