ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា យល់ព្រមសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើរបៀបវារៈផ្តោតសំខាន់លើការអភិវឌ្ឍរួមគ្នា ជាការផ្សះផ្សាលើកដំបូង ចាប់តាំងពីកងកម្លាំងសហរដ្ឋអាមេរិកចាប់ខ្លួនប្រធានាធិបតីប្រទេសសម្បូរប្រេងមួយនេះគឺលោក Nicolas Maduro ។
នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គម លោកស្រីប្រធានាធិបតីស្តីទី Delcy Rodriguez និយាយថា រដ្ឋាភិបាលរបស់លោកស្រីផ្តល់អាទិភាពដល់ចំណាត់ការឆ្ពោះទៅរកទំនាក់ទំនងមានការគោរពជាមួយសហរដ្ឋអាមេរិក ដោយមុននេះ លោកស្រី បានរិះគន់ការវាយឆ្មក់កាលពីថ្ងៃសៅរ៍ថាជាការដណ្តើមដោយខុសច្បាប់នូវធនធានជាតិប្រទេសលោកស្រី ។
លោកស្រី Rodriguez ដែលមានតួនាទីជារដ្ឋមន្រ្តីក្រសួងប្រេងដែរនោះ ត្រូវបានគេចាត់ទុកជាយូរមកហើយថាជាសមាជិកគួរឲ្យទុកចិត្តជាងគេបំផុតរបស់លោក Maduro ហើយលោក Trump និយាយថា លោកស្រីចង់ធ្វើការជាមួយសហរដ្ឋអាមេរិក ។

ទោះបីជាយ៉ាងណាក៏ដោយ ជាសាធារណៈ លោកស្រី និងក្រុមមន្រ្តីផ្សេងទៀត បានចាត់ទុកការឃាត់ខ្លួនលោក Maduro និងភរិយា Cilia Flores របស់លោកថាជាការចាប់ជម្រិត ហើយលោកស្រីនិយាយថា លោក Maduro នៅតែជាមេដឹកនាំស្របច្បាប់របស់វេណេស៊ុយអេឡាដដែល ។
សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា លោកបើកទូលាយចំពោះលទ្ធភាពនៃការវាយប្រហារមួយទៀត បើសិនជាទីក្រុងវ៉ាស៊ីនតោន ពុំទទួលបានភាពជោគជ័យជាមួយរដ្ឋាភិបាលស្តីទី ។ លោកថា អ្នកដឹងហើយថា ពួកយើងត្រៀមខ្លួនសម្រាប់រលកទី ២ ។ ពួកយើងទាំងអស់គ្នាត្រៀមខ្លួនរួចជាស្រេច ប៉ុន្តែពួកយើងពុំគិតថា ពួកយើងនឹងត្រូវការធ្វើវានោះទេ ៕
