ពលរដ្ឋអូស្រ្តាលីរាប់រយនាក់ បានជួបជុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីថ្កោលទោសការធ្វើអន្តរាគមន៍ផ្នែកយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសវេណេស៊ុយអេឡា និងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ។

ក្រុមបាតុករបានជួបជុំគ្នានៅក្រៅសាលាក្រុងស៊ីដនី បើទោះបីជាមានបំរាមកាលពីពេលកន្លងទៅរបស់រដ្ឋ New South Wales លើបាតុកម្មសាធារណៈក៏ដោយ ក្រោយការវាយប្រហារស្លាប់មនុស្សនៅតំបន់ឆ្នេរ Bondi ។
បាតុកម្មពុំទទួលបានការអនុញ្ញាតនេះ បានបន្តក្រោមការឃ្លាំមើលពីនគរបាលរដ្ឋ New South Wales ហើយមនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមក ត្រូវបានដោះលែងវិញ ដោយគ្មានការចោទប្រកាន់អ្វីទាំងអស់ ។
ការជួបជុំស្រដៀងគ្នានេះដែរ បានកើតឡើងនៅទីក្រុង Melbourne នៅលើជណ្តើរស្ថានីយរថភ្លើង Flinders Street Station ។
គួរឲ្យដឹងថា លោក Maduro និងភរិយា Cilia Flores របស់លោក ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសហរដ្ឋអាមេរិកនៅរដ្ឋធានី Caracas របស់វេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ហើយនិងដឹកតាមយន្តហោះទៅកាន់សហរដ្ឋអាមេរិក ។
បើទោះបីជាលោក Maduroមានសម្ព័ន្ធមិត្តតិចតួចយ៉ាងណាក្តីនៅលើឆាកអន្តរជាតិ ប្រទេសជាច្រើន បានចោទសួរពីភាពស្របច្បាប់នៃចាប់ខ្លួនមេដឹកនាំបរទេស ហើយនិងអំពាវនាវឲ្យសហរដ្ឋអាមេរិក គោរពច្បាប់អន្តរជាតិ ៕
