នាវាដឹកប្រេងប្រហែល ១២គ្រឿងដែលផ្ទុកដោយប្រេងឆៅ និងប្រេងឥន្ធនៈរបស់វ៉េណេស៊ុយអេឡា បានចាកចេញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះពីដែនទឹករបស់ប្រទេសនេះ ដោយមិនបើកប្រព័ន្ធតាមដាន។
ទីភ្នាក់ងារតាមដាន TankerTrackers.com បានឲ្យដឹងថា នេះហាក់ដូចជាអាចទម្លាយការបិទខ្ទប់ដ៏តឹងរ៉ឹងដែលអនុវត្តដោយសហរដ្ឋអាមេរិក ចំពេលមានសម្ពាធដ៏តឹងតែងដែលបានកើនខ្លាំងឡើងៗ រហូតដល់មានការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលត្រូវបានផ្ដួលរំលំ។

នាវាដែលបានចេញដំណើរទាំងអស់ ត្រូវបានគេកំណត់អត្តសញ្ញាណស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ចំណែកឯក្រុមនាវាដាច់ដោយឡែកមួយក្រុមទៀត ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដែរ បានចាកចេញពីប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមិនមានផ្ទុកអ្វី បន្ទាប់ពីបានទម្លាក់ទំនិញនាំចូល ឬបញ្ចប់ការធ្វើដំណើរដឹកជញ្ជូនក្នុងស្រុក។
ការចាកចេញនេះ អាចជាការធូរស្រាលមួយកម្រិត សម្រាប់ក្រុមហ៊ុនប្រេងរដ្ឋរបស់វ៉េណេស៊ុយអេឡា PDVSA ដែលបានប្រឈមនឹងការស្តុកប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ ចំពេលមានការបិទខ្ទប់របស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមឡើងនៅក្នុងខែធ្នូឆ្នាំមុន ដោយបានធ្វើឲ្យការនាំចេញប្រេងរបស់ប្រទេសនេះនៅទ្រឹង។
បន្ទាប់ពីកំណត់អត្តសញ្ញាណនាវាទាំងនោះ តាមរូបភាពផ្កាយរណប សេវាតាមដាន TankerTrackers.com បានបញ្ជាក់ថា នាវាដឹកប្រេងយ៉ាងហោចណាស់ចំនួន ៤គ្រឿង បានចាកចេញពីដែនទឹករបស់វ៉េណេស៊ុយអេឡា តាមរយៈផ្លូវមួយ នៅភាគខាងជើងនៃកោះ Margarita បន្ទាប់ពីបានឈប់មួយភ្លែតនៅជិតព្រំដែនសមុទ្ររបស់ប្រទេសនេះ។
ប្រភពដែលដឹងអំពីឯកសារនៃការចាកចេញនេះ បានប្រាប់សារព័ត៌មាន Reuters ថា យ៉ាងហោចណាស់មាននាវាដឹកប្រេងធំៗបំផុតចំនួន ៤គ្រឿង ត្រូវបានអនុញ្ញាតដោយអាជ្ញាធរវ៉េណេស៊ុយអេឡា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ឲ្យចាកចេញពីដែនទឹកវេណេហ្ស៊ុយអេឡា ដោយបិទប្រព័ន្ធតាមដាន។ ភ្លាមៗនេះ គេមិនច្បាស់នោះទេថា តើការចាកចេញនេះកើតឡើងដោយផ្គើននឹងវិធានការរបស់អាមេរិកដែរ ឬយ៉ាងណា៕
