ភ្នំពេញ ៖ ផ្លូវជនបទនៅក្នុងស្រុក ស្រុកបរកែវ ខេត្តរតនគិរី ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានស្ដារឡើងវិញប្រកបដោយ គុណភាពខ្ពស់ ធានាដល់ការប្រើប្រាស់បានយូរអង្វែង និងជាការលើកកម្ពស់កម្រិតជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ទាំងនោះ និងអ្នកធ្វើដំណើរឆ្លងកាត់នានាជាដើម។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងាររាវមីនលើផ្ទៃដីទំហំ ២៨១ ពាន់ម៉ែត្រការ៉េ, ជួសជុលស្ដារឡើងវិញ ផ្លូវក្រាលដី ល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ១ ៨៤០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅស្រុកបរកែវ ខេត្តរតនគិរី នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារស្ថាបនា ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និង ជួសជុលផ្លូវជនបទ ជាពិសេសការប្រែក្លាយពីផ្លូវក្រាលក្រួសក្រហមទៅជាក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងជាដើម ព្រោះផ្លូវមានសារៈ សំខាន់ណាស់ មិនថាផ្លូវនៅក្នុងមូលដ្ឋានខាងលើនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ, ផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាម នៃសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានកំពុង លើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន និងជឿនលឿនដូចជា មានផ្លូវ ទឹក ភ្លើង ផ្លូវ ស្ពាន មណ្ឌលសុខភាព និងសាលារៀនជាដើម ដែលជាការបង្កើតនូវមូលដ្ឋានគ្រឹះកាន់តែរឹងមាំ សម្រាប់ការរស់ នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំ ប្រឹងប្រែងលើការងារស្ថាបនាផ្លូវបញ្ចប់ ១០០ ភាគរយ ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះឯកឧត្តមក៏បានលើកឡើងពីគុណបំណាច់ របស់រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះសម្រាប់ផ្លូវជនបទ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការ កាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងជាដើម៕
អត្ថបទ៖ សុន រ៉ាឌី














