នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi នៅថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) នេះ បានរំលឹកឡើងវិញថា ប្រទេសជប៉ុនចង់មានការសន្ទនាជាមួយចិន ខណៈដែលទំនាក់ទំនងទ្វេភាគី នៅតែមានភាពតានតឹងដដែល បន្ទាប់ពីមាននូវការលើកឡើងរបស់លោកស្រី ជុំវិញបញ្ហាកោះតៃវ៉ាន់ កាលពី ២ខែមុន។
នៅឯសន្និសីទសារព័ត៌មានលើកដំបូង ក្នុងឆ្នាំ២០២៦ លោកស្រី Takaichi បានលើកឡើងថា ការប្រាស្រ័យទាក់ទង មានសារៈសំខាន់ក្នុងការដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានា រវាងប្រទេសទាំង២ ខណៈដែលលោកស្រី បាននិយាយអំពីអាទិភាពរបស់រដ្ឋាភិបាល។
បន្ទាប់ពីបានធ្វើដំណើរទៅកាន់ទីសក្ការៈ Ise Jingu នៅកណ្តាលខេត្ត Mie ដែលជាព្រឹត្តិការណ៍ចូលឆ្នាំថ្មីជាប្រពៃណីរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi បានបញ្ជាក់ថា៖ «ប្រទេសរបស់យើងបើកចំហជានិច្ច ចំពោះឱកាសផ្សេងៗ សម្រាប់ការសន្ទនាជាមួយប្រទេសចិន ហើយមិនដែលបិទទ្វារឡើយ»។
គួរំលឹកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Takaichi បានលើកឡើងនៅឯរដ្ឋសភាថា ការវាយប្រហារលើកោះតៃវ៉ាន់ អាចជាការគំរាមកំហែងដល់ការរស់រានមានជីវិត ចំពោះប្រទេសជប៉ុន និងអាចបង្កឲ្យមានការឆ្លើយតបពីកងកម្លាំងស្វ័យការពាររបស់ខ្លួន ដើម្បីគាំទ្រសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន គាំទ្រកោះប្រជាធិបតេយ្យមួយនេះ។
ការកត់សម្គាល់នោះ បានធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ខណៈដែលប្រទេសនេះចាត់ទុកកោះតៃវ៉ាន់ជាខេត្តដែលត្រូវបង្រួបបង្រួមជាមួយចិនដីគោកវិញ ដោយជំរុញឲ្យទីក្រុងប៉េកាំងចាត់វិធានការដែលអាចប៉ះពាល់សេដ្ឋកិច្ចរបស់ជប៉ុន ដូចជាការណែនាំពលរដ្ឋមិនឲ្យធ្វើដំណើរទៅលេងប្រទេសជិតខាងមួយនេះជាដើម៕