លោក Nicolás Maduro ដែលជាប្រធានាធិបតីទម្លាក់ចេញពីអំណាចរបស់វេណេស៊ុយអេឡា និងភរិយារបស់លោកនឹងឡើងតុលាការសហព័ន្ធក្រុង Manhattan ស្ថិតក្នុងរដ្ឋញូវយ៉ក ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងករណីឧក្រិដ្ឋកម្មផ្សេងទៀត រយៈពេល ២ថ្ងៃ ក្រោយពួកគេត្រូវបានចាប់ខ្លួន នៅក្នុងការវាយឆ្មក់របស់យោធាសហរដ្ឋអាមេរិក នៅទីក្រុង Caracas ។ ពួកគេត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋញូវយ៉ក ។
លោកបានចុះពីលើឧទ្ធម្ភាគចក្រ នៅទីក្រុង Manhattan ជាមួយស្រ្តីម្នាក់ដែលទំនងជាភរិយារបស់លោក ។ ពួកគេត្រូវបានអមដំណើរដោយភ្នាក់ងាររដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន (DEA) ជាច្រើនរូប ។ ពួកគេស្ថិតក្នុងសម្លៀកបំពាក់អ្នកទោស ហើយលោក Maduro ហាក់ដើរខ្ចើចបន្តិចផងដែរ ។
លោក Maduro គ្រោងនឹងឡើងតុលាការសហព័ន្ធក្រុង Manhattan នៅវេលាម៉ោង ១២ថ្ងៃត្រង់ ម៉ោងក្នុងស្រុកនៅសហរដ្ឋអាមេរិក នាថ្ងៃចន្ទនេះ ។
លោក Maduro ត្រូវបានចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀន និងការឃុបឃិតគ្នានាំចូលសារធាតុកូកាអ៊ីន នៅក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត ។ ចំណែកឯភរិយា Cilia Flores ត្រូវបានចោទប្រកាន់ផងដែរពីបទឃុបឃិតគ្នានាំចូលសារធាតុកូកាអ៊ីន ។
ការចាប់ខ្លួនរបស់ពួកគេ បានកើតឡើង បន្ទាប់ពីយុទ្ធនាការរយៈពេល ១ខែដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដើម្បីនាំខ្លួនមេដឹកនាំផ្តាច់ការរូបនេះ មកកាត់ទោស ៕