ប្រធានាធិបតីទម្លាក់ចេញពីតំណែងរបស់វេណេស៊ុយអេឡាលោក Nicolás Maduro បានធ្វើដំណើរទៅដល់ទីក្រុង Manhattan តាមឧទ្ធម្ភាគចក្រនៅព្រឹកថ្ងៃចន្ទនេះ សម្រាប់ការឡើងតុលាការ ។ លោកនឹងឡើងតុលាការសហព័ន្ធក្រុង Manhattan នៅវេលាម៉ោង ១២ថ្ងៃត្រង់ ម៉ោងក្នុងស្រុកនៅសហរដ្ឋអាមេរិក នាថ្ងៃចន្ទនេះ ។
លោកត្រូវបានគេរំពឹងថា នឹងប្រឈមនឹងការចោទប្រកាន់របស់តុលាការសហព័ន្ធសហរដ្ឋអាមេរិក រួមទាំងភេរវកម្មគ្រឿងញៀន ការរួមគំនិតគ្នា ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងករណីចោទប្រកាន់ផ្សេងៗជាច្រើនទៀត ។
លោកបានចុះពីឧទ្ធម្ភាគចក្រ អមដំណើរដោយកងកម្លាំងយោធា និងក្រុមមន្រ្តីពង្រឹងច្បាប់ ទៅកាន់រថពាសដែកដែលកំពុងរង់ចាំ ដើម្បីនាំខ្លួនទៅកាន់តុលាការសហព័ន្ធ ។
ខណៈពេលនោះដែរ សម្ព័ន្ធមិត្តរបស់មេដឹកនាំទម្លាក់ចេញពីអំណាចរូបនេះ រួមទាំងចិន និងអ៊ីរ៉ង់បានអំពាវនាវឲ្យសហរដ្ឋអាមេរិកដោះលែងរូបលោកជាបន្ទាន់ ។ ទីក្រុងប៉េកាំងនិយាយថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន បានបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ ៕