នៅថ្ងៃចន្ទនេះ កម្មករចំណាកស្រុកនៅទីក្រុងដែលី និយាយថា ពួកគេបង្ខំចិត្តចាកចេញពីរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ពេលដែលកង្វក់បរិយាកាសរួមផ្សំជាមួយអាកាសធាតុត្រជាក់ បានធ្វើឲ្យសុខភាពរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ ។
កម្មករចំណាកស្រុកមួយរូបនិយាយថា មាននូវរថយន្តច្រើនណាស់នៅលើដងផ្លូវ មិនសំខាន់ថាពួកយើងព្យាយាមគ្រប់គ្រងកង្វក់បរិយាកាសបែបណានោះទេ វានៅតែមិនកាត់បន្ថយនោះទេ ។
លោកបន្តថា ដោយសារតែកង្វល់នេះ លោកត្រូវបង្ខំចិត្តផ្លាស់ទៅកាន់ទីក្រុង Bihar លោកធ្លាក់ខ្លួនឈឺហើយ ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ រដ្ឋបាលក្រុងដែលី បានដកចេញផែនការដំណាក់កាលទី ៣ ដើម្បីអនុញ្ញាតឲ្យមានសកម្មភាពសំណង់ និងសកម្មភាពរុះរើ បន្ទាប់ពីភាពល្អប្រសើរឡើងបន្តិចក្នុងគុណភាពខ្យល់ ។
ទោះបីជាយ៉ាងណាក៏ដោយ ខ្យល់នៅក្នុងទីក្រុងដែលី នៅតែបន្តគ្មានសុខភាព ក្នុងនោះសន្ទស្សន៍គុណភាពខ្យល់មានរហូតដល់កម្រិត ៣១៨ ដែលជាប្រភេទខ្យល់អន់ នៅថ្ងៃចន្ទនេះ ។
ខណៈពេលនោះដែរ ពលរដ្ឋគ្មានផ្ទះសម្បែងនៅក្នុងទីក្រុងដែលី បានចំណាយពេលមួយយប់នៅក្នុងជំរំដែលដំឡើងដោយរដ្ឋាភិបាលឥណ្ឌា ។
សូមបញ្ជាក់ថា ទីក្រុងដែលី និងតំបន់ជាយក្រុងជុំវិញ ជារឿយៗត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទក្នុងអំឡុងរដូវរងា ខណៈខ្យល់ត្រជាក់ ធ្វើឲ្យទាក់ជាប់ការបំភាយឧស្ម័នពីយានយន្ត ការដ្ឋានសំណង់ និងការដុតកាកសំណល់កសិកម្ម ដែលជំរុញឲ្យកម្រិតនៃកង្វក់បរិយាកាសកើនឡើងដល់កម្រិតខ្ពស់បំផុតមួយលើពិភពលោក ៕