ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាដែលត្រូវបានផ្តួលរំលំ លោក Nicolas Maduro បានផ្តល់ចម្លើយពីភាពគ្មានទោសកាលពីថ្ងៃចន្ទ ទី៥ ខែមករា ចំពោះបទចោទប្រកាន់គ្រឿងញៀន បន្ទាប់ពីការចាប់ខ្លួនលោកដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានធ្វើឱ្យមេដឹកនាំពិភពលោកភ្ញាក់ផ្អើល និងធ្វើឱ្យមន្ត្រីនៅទីក្រុង Caracas ប្រញាប់ប្រញាល់រួបរួមគ្នា។

លោក Maduro បានប្រាប់តុលាការដោយនិយាយជាភាសាអេស្ប៉ាញតាមរយៈអ្នកបកប្រែថា «ខ្ញុំជាប្រធានាធិបតីនៃសាធារណរដ្ឋវ៉េណេស៊ុយអេឡា ហើយខ្ញុំនៅទីនេះត្រូវបានគេចាប់ពង្រត់ចាប់តាំងពីថ្ងៃសៅរ៍ ទី ៣ ខែមករា»។ «ខ្ញុំត្រូវបានគេចាប់ខ្លួននៅលំនៅឋានរបស់ខ្ញុំក្នុងទីក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា»។
លោក Maduro អាយុ៦៣ឆ្នាំ បាននិយាយថា« ខ្ញុំគ្មានទោសទេ ខ្ញុំផ្តល់ចម្លើយពីភាពគ្មានទោស ហើយខ្ញុំនៅតែជាប្រធាធិបតីនៃប្រទេសរបស់ខ្ញុំ»។

ភរិយារបស់លោក Maduro គឺលោកស្រី Cilia Flores ក៏បានផ្តល់ចម្លើយពីភាពគ្មានទោសផងដែរ ហើយ កាលបរិច្ឆេទសវនាការបន្ទាប់ត្រូវបានកំណត់ពេលនៅថ្ងៃទី១៧ ខែមីនា។
អ្នកតវ៉ារាប់សិបនាក់ ទាំងគាំទ្រនិងប្រឆាំងលោក Maduro បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការមុនពេលសវនាការរយៈពេលកន្លះម៉ោង។ ប៉ុន្មានម៉ោងក្រោយមកនៅទីក្រុង Caracas អនុប្រធានាធិបតីរបស់លោក Maduro គឺលោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា ដោយពាក្យគាំទ្រលោក Maduro ប៉ុន្តែពុំមានសញ្ញាណាមួយដែលបង្ហាញថាលោកស្រីនឹងប្រឆាំងចំណាត់ការរបស់សហរដ្ឋអាមេរិកនោះទេ។