បាល់ទាត់៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានទទួលការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអាណត្តិទី៥ ឆ្នាំ២០២២-២០២៦ ស្របពេលសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) បានផ្លាស់ប្ដូរលក្ខន្តិកៈថ្មីដោយកំណត់ប្រធានសហព័ន្ធគ្រប់រូប មានសិទ្ធដឹកនាំសហព័ន្ធបានត្រឹម ៣អាណត្តិប៉ុណ្ណោះចាប់ពីពេលនេះតទៅ។

ឯកត្ដម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ក្នុងមហាសន្និបាតលើកទី១៦ របស់សហព័ន្ធកាលពីចុងសប្ដាហ៍កន្លងទៅនៅសណ្ឋាគារហ្គាឌិនស៊ីធីថា FIFA បានកំណត់លក្ខន្ដិកៈថ្មីនេះ សម្រាប់បណ្ដាប្រទេសសមាជិកលើពិភពលោកអនុវត្តចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការដឹកនាំឲ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមបានពន្យល់ថា រាល់បេក្ខភាពប្រធានសហព័ន្ធគ្រប់រូបត្រូវមានអាយុក្រោម ៧០ឆ្នាំគិតត្រឹមថ្ងៃឈរឈ្មោះបោះឆ្នោត ហើយការដឹកនាំមិនតម្រូវថា ទាល់តែដឹកនាំ ៣អាណត្តិជាប់គ្នានោះទេ ទោះបីដឹកនាំជាប់គ្នា ឬរំលងក៏ដោយឲ្យតែគ្រប់ ៣អាណត្តិគឺបុគ្គលនោះពុំមានសិទ្ធិឈរឈ្មោះ ឬដឹកនាំសហព័ន្ធទៀតឡើយ។ នេះគឺលក្ខន្ដិកៈរបស់ FIFA ហើយមហាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ ក៏បានសម្ដែងនូវការគាំទ្រ និងអនុវត្តតាមនិយាមអន្ដរជាតិនេះផងដែរ។

គួរបញ្ជាក់ថា មហាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឆ្នាំនេះ ក្រៅពីបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ក៏មានការរៀបចំនូវការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការប្រតិបត្តិមួយចំនួនផងដែរ ក្នុងនោះតំណែងប្រធានសហព័ន្ធ និងអនុប្រធានសហព័ន្ធគឺរក្សានៅដដែល រួមមានឯកឧត្តមនាយឧត្តមនីយ៍ សៅ សុខា និងឯកឧត្តម ខៀវ សាម៉េត។ រីឯសមាជិកគណៈកម្មាធិការប្រតិបត្តិសម្រាប់ឆ្នាំ២០២១-២០២៥ គឺមានលោកឧកញ៉ា ឬទ្ធី សំណាង, លោក ឌួង មាសចំរើន និងឯកឧត្តម ឡា ឡៃ។ រីឯសមាជិកគណៈកម្មាធិការប្រតិបត្តិឆ្នាំ២០២២-២០២៦ រួមមានឯកឧត្តម ឌី វិជ្ជា និងឯកឧត្តម តែម ម៉ឺន៕
អត្ថបទ៖ លី ឈុនឡា