ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីថ្ងៃចន្ទ ទី៥ ខែមករា ថា លោកបានត្រៀមខ្លួន«កាន់អាវុធ» ដើម្បីប្រឈមនឹងការគំរាមកំហែងពីសមភាគីសហរដ្ឋអាមេរិក លោក Donald Trump ដែលបានចាប់ខ្លួនមេដឹកនាំប្រទេសជិតខាងវ៉េណេស៊ុយអេឡា ក្នុងការវាយប្រហារដោយយោធា កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោក Petro អតីតក្រុមឧទ្ទាមម្នាក់ដែលរយៈពេលជាច្រើនខែមកនេះជាគោលដៅនៃការប្រមាថ និងការគំរាមកំហែងពីលោក Trump បាននិយាយនៅលើបណ្តាញ X ថា «ខ្ញុំបានស្បថថានឹងមិនប៉ះអាវុធម្តងទៀតទេ ប៉ុន្តែសម្រាប់មាតុភូមិ ខ្ញុំនឹងកាន់អាវុធម្តងទៀត»។ លោក Trump បាននិយាយកាលពីចុងសប្តាហ៍ថា លោក Petro គួរតែ «ប្រយ័ត្នខ្លួន» និងបានពិពណ៌នាអំពីមេដឹកនាំឆ្វេងនិយមដំបូងគេរបស់ប្រទេសកូឡុំប៊ីថាជា «មនុស្សមានជំងឺ ដែលចូលចិត្តផលិតកូកាអ៊ីន ហើយលក់វាទៅឱ្យសហរដ្ឋអាមេរិក»។
លោក Petro គឺជាអ្នករិះគន់ឥតសំចៃចំពោះការដាក់ពង្រាយយោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ដែលបានចាប់ផ្តើមដោយការបំផ្ទុះទូកដឹកគ្រឿងញៀនតាមដែលបានចោទប្រកាន់ មុនពេលពង្រីកដល់ការរឹបអូសនាវាដឹកប្រេងរបស់វ៉េណេស៊ុយអេឡា បន្ទាប់មកការឆ្មក់ចូលកាលពីថ្ងៃសៅរ៍ ទី៣ ខែមករា នៅទីក្រុងការ៉ាកាស ដើម្បីចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro។
លោក Trump បានចោទប្រកាន់មេដឹកនាំប្រទេសកូឡុំប៊ី ដោយពុំផ្តល់ភស្តុតាងថាមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះទេ និងបានវាយប្រហារលោក និងក្រុមគ្រួសារដោយទណ្ឌកម្មហិរញ្ញវត្ថុ។
ទីក្រុងវ៉ាស៊ីនតោន ក៏បានដកប្រទេសកូឡុំប៊ីចេញពីបញ្ជីប្រទេសដែលត្រូវបានបញ្ជាក់ថាជាសម្ព័ន្ធមិត្តក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ផងដែរ។