កងទ័ពអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់នានានៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ កាលពីថ្ងៃចន្ទ ទី៥ ខែមករា ដោយនិយាយថាតំបន់ទាំងនោះជាទីតាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុមសកម្មប្រយុទ្ធហេសបូឡា និងក្រុមហាម៉ាស។ ការវាយប្រហារទាំងនេះបានធ្វើឡើងពីរបីថ្ងៃមុនពេលមេបញ្ជាការកងទ័ពលីបង់ មានផែនការរាយការណ៍សង្ខេបដល់រដ្ឋាភិបាលស្តីពីបេសកកម្មរបស់ខ្លួន ក្នុងការដកហូតអាវុធក្រុមហេសបូឡា នៅក្នុងតំបន់នានាតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។

ការវាយប្រហារទាំងនេះ បានកើតឡើងជិតពីរម៉ោងបន្ទាប់ពីអ្នកនាំពាក្យភាសារអារ៉ាប់របស់យោធាអ៊ីស្រាអែល លោក Avichay Adraee បានបង្ហោះការព្រមាននៅលើបណ្តាញ X ថា យោធានឹងវាយប្រហារគោលដៅក្រុមហេសបូឡា និងក្រុមហាម៉ាសប៉ាឡេស្ទីននៅក្នុងភូមិចំនួនពីរនៅជ្រលងភ្នំ Bekaa ភាគខាងកើត និងពីរកន្លែងផ្សេងទៀតនៅភាគខាងត្បូងប្រទេសលីបង់។

ទីភ្នាក់ងារសារព័ត៌មានជាតិរបស់រដ្ឋលីបង់បាននិយាយថា លំនៅឋានមួយខ្នងដែលត្រូវបានវាយប្រហារនៅក្នុងភូមិ Manara ក្នុងជ្រលងភ្នំ Bekaa ជាកម្មសិទ្ធិរបស់លោក Sharhabil al-Sayed ជាមេបញ្ជាការយោធារបស់ក្រុមហាម៉ាសដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែលកាលពីខែឧសភា ឆ្នាំ២០២៤។
រដ្ឋាភិបាលលីបង់ មានផែនការពិភាក្សាអំពីការដកហូតអាវុធរបស់ក្រុមហេសបូឡា ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះដែលនឹងមានការចូលរួមពីមេបញ្ជាការកងទ័ពឧត្តមសេនីយ៍ Rudolph Haikal។ ការដកហូតអាវុធរបស់ក្រុមហេសបូឡា និងក្រុមប៉ាឡេស្ទីនផ្សេងទៀតដោយរដ្ឋាភិបាលលីបង់ បានកើតឡើងបន្ទាប់ពីសង្គ្រាមរយៈពេល ១៤ ខែ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលថ្នាក់ដឹកនាំនយោបាយ និងយោធាភាគច្រើនរបស់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ត្រូវបានសម្លាប់។