ក្រុមមន្ត្រី និងប្រភពផ្ទៃក្នុងបាននិយាយកាលពីថ្ងៃចន្ទ (៥ មករា) ថា កិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការបង្ក្រាបរលកតវ៉ាយ៉ាងហិង្សាប្រឆាំងរដ្ឋាភិបាល បានជួបភាពស្មុគស្មាញខ្លាំង ដោយសារតែការព្រមានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលត្រូវបានគូសបញ្ជាក់យ៉ាងរឹងមាំដោយការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា Nicolas Maduro កាលពីពេលកន្លងទៅ។

រយៈពេល ១ថ្ងៃប៉ុណ្ណោះ មុនពេលកងកម្លាំងពិសេសអាមេរិក ចាប់ខ្លួនលោក Maduro និងភរិយារបស់លោក នៅថ្ងៃទី៣ ខែមករា ហើយនាំខ្លួនអ្នកទាំងពីរទៅកាន់ទីក្រុងញូវយ៉ក — ប្រធានាធិបតីអាមេរិក បានព្រមាននៅក្នុងសារបណ្តាញសង្គមមួយថា ប្រសិនបើថ្នាក់ដឹកនាំអ៊ីរ៉ង់ សម្លាប់ក្រុមបាតុករ ដែលចេញតវ៉ាចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥មក នោះសហរដ្ឋអាមេរិក «នឹងចូលទៅជួយសង្គ្រោះពួកគេ»។ រហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច ១៧នាក់ បានស្លាប់ក្នុងការតវ៉ានោះ។

ជម្រើសរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានដាក់កំហិត ដោយការគំរាមកំហែងនានារបស់លោក Trump និងវិបត្តិសេដ្ឋកិច្ចដ៏យូរអង្វែង ដែលកាន់តែធ្ងន់ធ្ងរឡើងបន្ទាប់ពីរយៈពេល ១២ថ្ងៃ ជាមួយអ៊ីស្រាអែល។
មន្ត្រីអ៊ីរ៉ង់ម្នាក់ប្រាប់សារព័ត៌មានរ៉យទ័រថា «សម្ពាធទាំងនេះបង្កការលំបាកដល់មេដឹកនាំ ឱ្យជាប់គាំងរវាងកំហឹងសាធារណៈតាមដងផ្លូវនិងការទាមទារដ៏តឹងរ៉ឹង ជាមួយនឹងការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោន ខណៈជម្រើសមានតិចតួចណាស់ ហើយហានិភ័យខ្ពស់គ្រប់ច្រកទាំងអស់»។ មន្ត្រីមន្រ្តីផ្សេងទៀតបាននិយាយថា បន្ទាប់ពីសកម្មភាពរបស់អាមេរិកនៅវ៉េណេស៊ុយអេឡា អាជ្ញាធរមួយចំនួនភ័យខ្លាចថា អ៊ីរ៉ង់អាចជា «ជនរងគ្រោះបន្ទាប់នៃគោលនយោបាយការបរទេសដ៏ខ្លាំងក្លារបស់លោក Trump»៕

