ការវាយប្រហារដោយយានដ្រូនបានធ្វើឡើងនៅសមរភូមិក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់យានដ្រូនចំនួន៣៥៦គ្រឿងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ខណៈអ៊ុយក្រែនបាននិយាយនៅថ្ងៃដដែលនោះថា កងកម្លាំងរុស្ស៊ីបានបង្ហោះយានដ្រូនចំនួន១៦៥គ្រឿង និងបាញ់មីស៊ីលចំនួន៩គ្រាប់នៅក្នុងទឹកដីរបស់ខ្លួន។

យោងតាមរបាយការណ៍សមរភូមិមកពីក្រសួងការពារជាតិរុស្ស៊ីដែលចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារលើគោលដៅអ៊ុយក្រែនចំនួន១៤៨កន្លែង ក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ។ ទាំងនេះរួមមានទីតាំងឧស្សាហកម្មយោធា រោងជាងផលិត និងដំឡើងយានដ្រូនរយៈចម្ងាយឆ្ងាយ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់ប្រតិបត្តិករយានដ្រូន។

ក្រសួងបាននិយាយថា តំបន់ជាច្រើននៅទូទាំងប្រទេសរុស្ស៊ីត្រូវបានកំណត់គោលដៅដោយយានដ្រូនរបស់អ៊ុយក្រែនចំនួន ២៥៣ គ្រឿង។ អាកាសយានដ្ឋានជាច្រើន រួមទាំងអាកាសយានដ្ឋាននៅទីក្រុងមូស្គូ បានដាក់ការរឹតត្បិតសកម្មភាពជាបណ្តោះអាសន្នដោយសារតែការគំរាមកំហែងពីយានដ្រូន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា «ក្នុង១សប្តាហ៍កន្លងទៅនេះ រុស្ស៊ីបានទម្លាក់គ្រាប់បែកតាមតម្រង់គោលដៅជាង១.០៧០គ្រាប់ បង្ហោះយានដ្រូនវាយប្រហារជិត ១.០០០ គ្រឿង និងបាញ់មីស៊ីលចំនួន ៦ គ្រាប់ប្រឆាំងអ៊ុយក្រែន»។