តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហើបដោយដឹងថា គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ និង២០២៧ ដូចផែនការរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមបន្តថា គម្រោងនេះនឹងដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា។
សូមជម្រាបថា គម្រោងនេះ មានទូរប៊ីនចំនួនពីរ ដែលទូរប៊ីននីមួយៗមានថាមពល ៤៥០ មេហ្គាវ៉ាត់ ជាបច្ចេកវិទ្យាក្រុមហ៊ុន Mitsubishi របស់ជប៉ុន សហការជាមួយក្រុមហ៊ុន Dongfang Electric របស់ចិន វិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះ គម្រោងថាមពលអគ្គិសនីនេះ មិនត្រឹមតែជានិម្មិតរូបនៃការសហការគ្នាផ្នែកពាណិជ្ជកម្មបីប្រទេស គឺកម្ពុជា ជប៉ុន និងចិននោះទេ ប៉ុន្តែក៏បង្ហាញឱ្យឃើញពីការជឿទុកចិត្ត លើការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង៕


















