ការបង្ហាញខ្លួនជាលើកដំបូងរបស់មេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolás Maduro និងភរិយារបស់លោក ក្នុងតុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (៥ មករា) បានបញ្ចប់ទៅ ក្នុងពេលត្រឹមតែជាង ៣០នាទី ខណៈសវនាការបន្ទាប់ ត្រូវកំណត់ពេលធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដ៏ឆាប់ខាងមុខ។ លោក Maduro ត្រូវបានបញ្ជូនត្រឡប់ទៅមណ្ឌលឃុំឃាំងវិញ ក្នុងតំបន់ Brooklyn នៃទីក្រុងញូវយ៉ក តាមក្បួនរថយន្តដែលយាមកាមយ៉ាងតឹងរឹងបំផុត។

ក្នុងបន្ទប់សវនាការទីក្រុងញូវយ៉ក លោក Maduro ដែលពោរពេញដោយភាពម៉ឺងម៉ាត់ និងមានទំនុកចិត្ត បានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់ទាំង ៤ករណីប្រឆាំងនឹងរូបលោក បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន និងនាំទៅកាន់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅ។ ប្រសិនបើត្រូវបានកាត់ទោសលើបទចោទទាំងនោះ លោកអាចចំណាយពេលពេញមួយជីវិតក្នុងពន្ធនាគារអាមេរិក។
នៅពេលសវនាការបានបញ្ចប់ បុរសម្នាក់នៅក្នុងកៅអីទស្សនិកជនក្នុងតុលាការ បានចាប់ផ្តើមនិយាយទៅកាន់លោក Maduro ជាភាសាអេស្ប៉ាញ ដោយហៅលោកថាជា ប្រធានាធិបតី «ខុសច្បាប់» នេះបើយោងតាមសារព័ត៌មាន AP។
យោងតាម AP ដដែល នៅពេលលោក Maduro កំពុងត្រូវបាននាំខ្លួនចេញពីបន្ទប់សវនាការ លោកបានឆ្លើយតបជាភាសាអេស្ប៉ាញទៅវិញថា “លោកជាប្រធានាធិបតីដែលត្រូវបានគេចាប់ជំរិត ... លោកជាឈ្លើយសឹក”។ ចំណែកភរិយារបស់លោក គឺលោកស្រី Flores បាននិយាយក្នុងបន្ទប់សវនាការដដែលនោះថា “លោកស្រីគឺជាស្ត្រីទីមួយនៃប្រទេសវ៉េណេស៊ុយអេឡា” ហើយក៏បានប្រកាសថាលោកស្រីស្អាតស្អំណាស់ “ពុំមានទោសពៃរ៍អ្វីទាល់តែសោះ”៕


