អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ (៦ មករា) នេះថា មនុស្សយ៉ាងហោចណាស់ ១៤នាក់ បានស្លាប់ បន្ទាប់ពីត្រូវបានទឹកជំនន់ហូរនាំយកទៅ នៅខេត្ត Sulawesi ខាងជើង នៃប្រទេសឥណ្ឌូនេស៊ី ខណៈការស្វែងរកអ្នកបាត់ខ្លួនមួយចំនួនទៀតនៅតែបន្ត។

លោក Nuriadin Gumeleng អ្នកនាំពាក្យរបស់ទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងតាំងពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ បានបង្កឱ្យមានទឹកជំនន់យ៉ាងគំហុកនៅលើកោះ Siau ដែលមានទីតាំងនៅតំបន់ Siau Tagulandang Biaro។

លោក Gumeleng បានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកជួយសង្គ្រោះជាច្រើននាក់ត្រូវបានដាក់ពង្រាយ ដើម្បីតាមស្វែងរកមនុស្សយ៉ាងតិច ៤នាក់ ដែលនៅតែបាត់ខ្លួន ក្នុងថ្ងៃអង្គារនេះ ដោយបន្ថែមថា មនុស្ស ១៨នាក់ បានរងរបួស រហូតមកដល់ពេលនេះ។
មន្រ្តីរូបនេះបានបន្តថា គិតត្រឹមថ្ងៃអង្គារ ទី៦ ខែមករា នេះ ផ្លូវសំខាន់ៗក្នុងតំបន់រងផលប៉ះពាល់ នៅតែគ្របដណ្ដប់ដោយដុំថ្ម កម្ទេចកម្ទី និងល្បប់ភក់ក្រាស់ៗ។ អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Abdul Muhari បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាង ៤០០នាក់ ត្រូវបានជម្លៀស ទៅកាន់សាលារៀន និងវិហារក្នុងស្រុក បន្ទាប់ពីទឹកជំនន់យ៉ាងគំហុកនោះ៕