ស្ថានភាពជីវិតប្រចាំថ្ងៃជាធម្មតារបស់ប្រជាជន បានបន្តនៅទូទាំងតំបន់ជាច្រើននៃប្រទេសវ៉េណេស៊ុយអេឡា កាលពីព្រឹកថ្ងៃចន្ទ (៥ មករា) បន្ទាប់ពីការចាប់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលលើលោកប្រធានាធិបតី Nicolas Maduro ពីសំណាក់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅ រួមជាមួយនឹងការតវ៉ា និងការអបអរនានា ប៉ុន្តែតាមដងផ្លូវ និងហាងទំនិញមានភាពទទេស្អាតជាងធម្មតាបន្តិច។

ប្រជាជនវ៉េណេស៊ុយអេឡាជាច្រើនបាននិយាយថា ពួកគេនៅតែតក់ស្លុតពីព្រឹត្តិការណ៍កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា ដែលនៅពេលនោះ ប្រតិបត្តិការយោធាមួយបានធ្វើឱ្យរង្គោះរង្គើរដ្ឋធានីការ៉ាកាស និងតំបន់ផ្សេងទៀត ហើយអ្នកស្រុករំពឹងថា ភាពមិនប្រាកដប្រជាខាងនយោបាយ និងសេដ្ឋកិច្ចនឹងមានរយៈពេលយូរ។ ពលរដ្ឋវ៉េណេស៊ុយអេឡាមួយចំនួន បាននិយាយថា «យើងភ័យខ្លាចណាស់ ប៉ុន្តែយើងក៏មិនអាចបង្អាក់ជីវិតនៅត្រឹមនេះបានដែរ»។
បុគ្គលិកហាងទំនិញជាច្រើនបាននិយាយថា បន្ទាប់ពីការសម្រុកទិញទំនិញស្តុកទុកទាំងភ័យស្លន់ស្លោកាលពីចុងសប្តាហ៍ ពេលនេះចរាចរណ៍របស់អតិថិជនមានល្បឿនយឺតជាងបន្តិចនៅថ្ងៃចន្ទ ពោលគឺមិនសូវស្លន់ស្លោរដូចមុននោះទេ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹង «គ្រប់គ្រង» វ៉េណេស៊ុយអេឡា ដោយរង់ចាំការផ្លាស់ប្តូរនយោបាយ ខណៈពេលដែលក៏គំរាមកំហែងចាត់វិធានការយោធាបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលបណ្ដោះអាសន្នថ្មី មិនសហការជាមួយការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនទេនោះ៕


