នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយ កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ស្តារឡើងវិញនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬកសាងឧស្សាហកម្មមីស៊ីលបាលីស្ទីករបស់ខ្លួនឡើងវិញទេ ដោយបន្ថែមថា ជំហរនេះត្រូវបានសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។

ថ្លែងទៅកាន់សភា លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មាន «ជំហរច្បាស់លាស់» មួយថា អ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យកសាងឧស្សាហកម្មមីស៊ីលបាលីស្ទីករបស់ខ្លួនឡើងវិញទេ។ លោកបានបន្ថែមថា ប្រទេសទាំងពីរ «នឹងមិនអនុញ្ញាតឲ្យ» អ៊ីរ៉ង់ស្តារឡើងវិញនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេ ដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានកំណត់គោលដៅក្នុងអំឡុងពេលសង្គ្រាមរយៈពេល ១២ថ្ងៃ ក្នុងខែមិថុនា ឆ្នាំ ២០២៥។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«ជំហររួមរបស់យើងចំពោះអ៊ីរ៉ង់ នៅតែមិនផ្លាស់ប្តូរ គឺសមត្ថភាពចម្រាញ់អ៊ុយរ៉ានីញ៉ូមសូន្យ ការដកយកអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចទាំងអស់ចេញពីអ៊ីរ៉ង់ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងជាបន្តបន្ទាប់នូវរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះ»។
ការអត្ថាធិប្បាយនេះ បានកើតឡើង មួយថ្ងៃបន្ទាប់ពីលោក ណេតាន់យ៉ាហ៊ូ បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា លោកបានពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយលោក ត្រាំ ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋ ហ្វ្លរីដា កាលពីសប្តាហ៍មុន។ លោកបាននិយាយថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវជំហររួមរបស់ពួកគេចំពោះអ៊ីរ៉ង់ រួមទាំងការទាមទារឲ្យទីក្រុងតេអេរ៉ង់បោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងស្រុង យកអ៊ុយរ៉ានីញ៉ូមប្រហែល ៤០០គីឡូក្រាម ដែលមានកំហាប់ ៦០ភាគរយ ចេញពីប្រទេសនេះ និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន៕
