សេដ្ឋវិទូអាមេរិក និងអ្នកវិភាគគោលនយោបាយសាធារណៈ លោក Jeffrey Sachs បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែទប់ស្កាត់ការដួលរលំនៃច្បាប់អន្តរជាតិ បន្ទាប់ពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅប្រទេសវ៉េណេស៊ុយអេឡា ពីព្រោះមនុស្សជាតិអាចនឹងមិនរស់រានមានជីវិត ក្នុងភាពវឹកវរថ្មី នៅក្នុងយុគសម័យនុយក្លេអ៊ែរ។

លោកបានកត់សម្គាល់ថា អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើង បន្ទាប់ពីមនុស្សជាតិបានរស់រានមានជីវិត ក្នុងសង្គ្រាមលោកលើកទី ១ និងទី ២ ជាមួយនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ លោកបានសង្កត់ធ្ងន់ថា៖«ដោយសារយើងស្ថិតនៅក្នុងយុគសម័យនុយក្លេអ៊ែរ ការបរាជ័យមិនអាចកើតឡើងម្តងទៀតបានទេ។ មនុស្សជាតិ នឹងវិនាស។ នឹងពុំមានឱកាសទី ៣ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិទេ»។
អ្នកជំនាញរូបនេះ បានបញ្ជាក់ថា ធម្មនុញ្ញអង្គការសហប្រជាជាតិ ហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។ លោក Sachs បានសង្កត់ធ្ងន់ថា៖«ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែសម្រេចចិត្តថាតើការហាមឃាត់នោះ ត្រូវគោរព ឬបោះបង់ចោល។ ការបោះបង់ចោលវា នឹងមានផលវិបាកធ្ងន់ធ្ងរបំផុត»។

អ្នកវិភាគរូបនេះ បានបន្តថា៖«ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសចំនួន ៧ ដែលគ្មានប្រទេសណាមួយ ត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏គ្មានប្រទេសណាមួយ ត្រូវបានធ្វើឡើង ដើម្បីការពារខ្លួនស្របច្បាប់ក្រោមធម្មនុញ្ញនោះទេ»។ «ប្រទេសគោលដៅរួមមាន អ៊ីរ៉ង់ អ៊ីរ៉ាក់ នីហ្សេរីយ៉ា សូម៉ាលី ស៊ីរី យេម៉ែន និងឥឡូវនេះ គឺប្រទេសវ៉េណេស៊ុយអេឡា។ ជាការពិតណាស់ ក្នុងរយៈពេលមួយខែកន្លងមកនេះ លោកប្រធានាធិបតី ត្រាំ បានចេញការគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងរដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន ៦ រួមមានប្រទេសកូឡុំប៊ី ដាណឺម៉ាក អ៊ីរ៉ង់ ម៉ិកស៊ិក នីហ្សេរីយ៉ា និង ប្រទេសវ៉េណេស៊ុយអេឡា»៕