រដ្ឋាភិបាលស្វ៊ីសបាននិយាយថា ប្រទេសនេះបានបង្កកទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងក្រុមបុគ្គលមានឥទ្ធិពលដែលជិតស្និទ្ធនឹង លោក។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«ក្រុមប្រឹក្សាសហព័ន្ធបានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិណាមួយដែលត្រូវបានរក្សាទុកនៅក្នុងប្រទេសស្វ៊ីស ដោយលោក នីកូឡាស ម៉ាឌូរ៉ូ និងបុគ្គលផ្សេងទៀតដែលជាប់ពាក់ព័ន្ធជាមួយលោក ដោយមានប្រសិទ្ធភាពភ្លាមៗ»។

វិធានការនេះ ត្រូវបានគេនិយាយថា ដើម្បីធានាថា «ទ្រព្យសម្បត្តិដែលទទួលបានដោយខុសច្បាប់ណាមួយ មិនអាចផ្ទេរចេញពីប្រទេសស្វ៊ីសបានទេ ក្នុងស្ថានភាពបច្ចុប្បន្ន»។ ក្រុមប្រឹក្សាសហព័ន្ធបានបន្ថែមថា ការបង្កកទ្រព្យសម្បត្តិនេះ ផ្តោតលើបុគ្គលដែលមិនធ្លាប់ត្រូវបានដាក់ទណ្ឌកម្មនៅក្នុងប្រទេសស្វ៊ីស ពីមុនមក ហើយនឹងមិនប៉ះពាល់ដល់សមាជិកនៃរដ្ឋាភិបាលវ៉េណេស៊ុយអេឡាបច្ចុប្បន្ននោះទេ។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«ការបង្កកទ្រព្យសម្បត្តិនេះ គឺជាការបន្ថែមទៅលើទណ្ឌកម្មប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡាដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៨ ក្រោមច្បាប់ហាមឃាត់លើការនាំចេញ-នាំចូល (Embargo Act)»៕