ស្ថានភាពអាកាសធាតុត្រជាក់បានគ្របដណ្ដប់លើតំបន់មួយចំនួនរបស់ប្រទេសឥណ្ឌា រួមទាំងរដ្ឋ Uttar Pradesh ភាគខាងជើង និងទីក្រុង New Delhi នៅថ្ងៃអង្គារ ទី៦ ខែមករានេះ ខណៈប្រជាជនក្នុងតំបន់បានងាកទៅរកការដុតអុសសម្រាប់កម្តៅ។

ដោយសារចម្ងាយក្នុងការមើលឃើញបានធ្លាក់ចុះ ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានរំខាននៅក្នុងទីក្រុងឧស្សាហកម្ម Kanpur នៃរដ្ឋ Uttar Pradesh។

អ្នកស្រុកម្នាក់និយាយថា «ដៃ និងជើងរបស់ខ្ញុំស្ពឹកខ្លាំង ហើយមិនកំរើកបាន។ វាត្រជាក់ខ្លាំងណាស់ ហើយមិនអាចមើលឃើញអ្វីទេដោយសារតែអ័ព្ទច្រើន»។ នៅទីក្រុង New Delhi អ្នកបើកបរតាក់ស៊ីបាននិយាយថា ពុំមានទីជម្រកពេលយប់នៅស្ថានីយ៍រថភ្លើង Anand Vihar ទេ ដែលបង្ខំពួកគេត្រូវរង់ចាំអ្នកដំណើរនៅខាងក្រៅរហូតដល់រថភ្លើងមកដល់។
ស្ថានភាពចុះអ័ព្ទក្រាស់ខ្លាំង ទំនងជានឹងបន្តនៅភាគខាងជើង និងភាគកណ្តាលប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដោយស្ថានភាពរលកត្រជាក់នឹងជួបប្រទះនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអាកាសធាតុ។