អ្នកទេសចរប្រហែល៤០០នាក់បានជាប់គាំងខ្លួននៅលើកោះ Socotra របស់ប្រទេសយេម៉ែន បន្ទាប់ពីជើងហោះហើរត្រូវបានផ្អាកដោយសារតែការប៉ះទង្គិចគ្នានៅលើដីគោករវាងកងទ័ពរដ្ឋាភិបាលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងក្រុមផ្តាច់ខ្លួនដែលមានទំនាក់ទំនងជាមួយប្រទេសអារ៉ាប់រួម។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ជើងហោះហើរចូលនិងចាកចេញពីប្រទេសយេម៉ែន ត្រូវបានរឹតត្បិតយ៉ាងខ្លាំងក្នុងអំឡុងពេលប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជាគូប្រជែងដែលបានរួមក្រុមគ្នា។

កោះ Socotra ដែលមានចម្ងាយ៣៨០គីឡូម៉ែត្រ ភាគខាងត្បូងនៃដីគោក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងគាំទ្រដោយប្រទេសអារ៉ាប់រួម បានប៉ះទង្គិចជាមួយរដ្ឋាភិបាលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅប្រទេសយេម៉ែនក្នុងខេត្ត Hadramout និងខេត្ត al-Mahra ។
លោក Yahya bin Afrar អភិបាលរងទទួលបន្ទុកវប្បធម៌ និងទេសចរណ៍នៅលើកោះ Socotra ដែលជាកោះធំបំផុតនៃប្រជុំកោះ Socotra បាននិយាយថា «អ្នកទេសចរបរទេសជាង៤០០នាក់» បានជាប់គាំងខ្លួនបន្ទាប់ពីជើងហោះហើររបស់ពួកគេត្រូវបានផ្អាក។
មន្ត្រីតំបន់និយាយថា មនុស្សចំនួន៤១៦នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា បានជាប់គាំងនៅលើកោះ Socotra រួមមានទាំង «ជនជាតិរុស្ស៊ីជាង៦០ នាក់»។