សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នាដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងនឹងរៀបចំនៅទីតាំងថ្មីចំនួន ២ ផ្សេងគ្នា អមជាមួយការបង្កើតមូលនិធិមនុស្សធម៌ ដើម្បីកៀរគរជំនួយជួយដល់ជនភៀសសឹក និងវីរកងទ័ពនៅព្រំដែនផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ កាលពីថ្មីៗ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានេះ សហព័ន្ធ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រកួត នាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។ ចំពោះទីតាំងរៀបចំការប្រកួតប្លែកពីឆ្នាំមុនៗ ដោយលើកនេះ សហព័ន្ធនឹងរៀបចំការប្រកួតកង់ភ្នំ នៅជើងភ្នំបាសិត គ្រាដែលកង់គួក នឹងត្រូវប្រកួតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។
ចំពោះវិញ្ញាសា ដែលសហព័ន្ធបានកំណត់ដាក់ឲ្យកីឡាករ-កីឡាការិនី មកពីបណ្ដាសមាគម/ក្លិបទូទាំងប្រទេសចុះឈ្មោះចូលរួមឆ្នាំនេះ សម្រាប់ប្រភេទកង់ភ្នំ គឺមាន ៤វិញ្ញាសា រួមមានវិញ្ញាសាកង់ភ្នំបុរសថ្នាល, កង់ភ្នំបុរសឈុតធំ, កង់ភ្នំនារី និងកង់ភ្នំបុរស។ រីឯប្រភេទកង់គួកវិញ មាន ៣វិញ្ញាសាប៉ុណ្ណោះ រួមមានវិញ្ញាសាកង់គួកបុរសថ្នាល, កងគួកបុរសឈុតធំ និងវិញ្ញាសាកង់គួកបុរស មិនមានវិញ្ញាសាសម្រាប់កង់គួកនារីឡើយ។
ភ្ជាប់ជាមួយការប្រកួតជើងឯកប្រចាំឆ្នាំនេះដែរ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏បានផ្ដួចផ្ដើមបង្កើតឲ្យមានមូលនិធិមួយ សម្រាប់គាំទ្រជួយដល់ជនភៀសសឹក និងវីរកងទ័ពនៅព្រំដែន តាមរយៈ QR Code របស់សហព័ន្ធ ដែលបានភ្ជាប់លើការផ្សព្វផ្សាយ ដោយគ្រួសារកីឡាជាតិ រួមទាំងសប្បុរសជនគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែអាចចូលរួមដោយការស្ម័គ្រចិត្ដតាមលទ្ធភាព ដើម្បីស្ដែងឲ្យឃើញពីវប្បធម៌ចែករំលែក និងមនោសញ្ចេតនាអាណិតស្រលាញ់ក្នុងគ្រាដ៏លំបាកនេះ។
ជាមួយគ្នា សម្រាប់ថវិកាទទួលបានពីការចុះឈ្មោះចូលរួមការប្រកួត ក្នុងម្នាក់ ២ម៉ឺនរៀល ក៏នឹងត្រូវបញ្ចូលក្នុងមូលនិធិមនុស្សធម៌របស់សហព័ន្ធផងដែរ។
ក្រោយពីសហព័ន្ធបានប្រកាសរៀបចំជើងឯកថ្នាក់ជាតិ រួមជាមួយមូលនិធិជួយជនភៀសសឹក និងវីរកងទ័ពនៅព្រំដែននេះដែរ គេឃើញមានមន្ដ្រីកីឡា កីឡាករ-កីឡាការិនី និងសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគយ៉ាងផុសផុលផងដែរ។
គួរដឹងថា ការចុះឈ្មោះចូលរួមការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ត្រូវបានបិទបញ្ចប់ការទទួលពាក្យហើយ ហើយសហព័ន្ធនឹងរៀបចំកិច្ចប្រជុំបច្ចេកទេស និងចែកសម្ភារៈសម្គាល់ខ្លួនកីឡាករ-កីឡាការិនី នាថ្ងៃទី៦ ខែកុម្ភៈ មុនចាប់ផ្ដើមការប្រកួតវិញ្ញាសាកង់ភ្នំ នាថ្ងៃទី៧ ខែកុម្ភៈ នៅជើងភ្នំបាសិត និងចុងក្រោយ គឺការប្រកួតវិញ្ញាសាកង់គួត នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា



