ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) បានអំពាវនាវដល់សមភាគីកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សនកិច្ច ឲ្យចូលរួមជាមួយទីក្រុងប៉េកាំង ដើម្បីធ្វើឲ្យមាន «នូវជម្រើសជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ» នៅក្នុងពិភពលោកដែល «កាន់តែមានភាពស្មុគស្មាញ និងច្របូកច្របល់ខ្លាំងឡើងៗ»។
លោក Lee Jae Myung គឺជាមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលធ្វើទស្សនកិច្ចនៅរដ្ឋធានីរបស់ប្រទេសចិន ក្នុងរយៈពេល ៦ឆ្នាំ ហើយជំនួបរបស់លោកជាមួយលោក Xi បានកើតឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចំនួន ២គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន។

ហើយដំណើរនេះ ក៏បានកើតឡើងផងដែរបន្ទាប់ពីមានប្រតិបត្តិការយោធាដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់សហរដ្ឋអាមេរិក នៅទីក្រុងការ៉ាកាស ជាព្រឹត្តិការណ៍ដែលបានទម្លាក់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ហើយបាននាំរូបលោកទៅកាន់ទីក្រុង New York ដើម្បីប្រឈមជាមួយការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ ការវាយឆ្មក់នេះត្រូវបានថ្កោលទោសដោយទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃចន្ទនោះ លោក Xi បានព្រមានថា៖ «ពិភពលោកបច្ចុប្បន្ន កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលមិនធ្លាប់បានឃើញ ក្នុងរយៈពេល ១សតវត្សរ៍ ហើយស្ថានភាពអន្តរជាតិ កាន់តែមានភាពស្មុគស្មាញ និងភាពច្របូកច្របល់ខ្លាំងឡើងៗ។
លោក Xi បានបន្ថែមថា ទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល «ដើរតួនាទីយ៉ាងសំខាន់» ក្នុងការរក្សាសន្តិភាព ក្នុងតំបន់ ដោយកត់សម្គាល់ថា ភាគីទាំងអស់ «មានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ។ មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ភាគីទាំង២ គួរតែឈរនៅខាងភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងធ្វើការជ្រើសរើសជាយុទ្ធសាស្រ្តប្រកបដោយភាពត្រឹមត្រូវ»។
បន្ទាប់មក មេដឹកនាំកូរ៉េខាងត្បូង បានប្រាប់ថា លោកចង់ចាប់ផ្ដើមនូវ «ដំណាក់កាលថ្មី» នៅក្នុងទំនាក់ទំនង ដោយ «ផ្អែកលើការជឿទុកចិត្ត» រវាងរូបលោកផ្ទាល់ និងលោក Xi៕
