កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយ ដើម្បីពង្រឹងការរឹតបន្តឹងការធ្វើដំណើរចេញ-ចូល នៅក្នុងតំបន់កាន់កាប់ West Bank ទាំងសម្រាប់ប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាចំណាត់ការមួយដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា មានគោលបំណងទប់ទល់នឹងការកើនឡើងនូវអំពើហិង្សារបស់អ្នកតាំងទីលំនៅ។
កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចនេះអនុញ្ញាតឲ្យកងកម្លាំងសន្តិសុខ «ដំឡើងឧបករណ៍ត្រួតពិនិត្យបច្ចេកវិទ្យា លើបុគ្គលដែលស្ថិតនៅក្រោមបទបញ្ជារដ្ឋបាល ដែលរឹតបន្តឹងការធ្វើដំណើររបស់ពួកគេ នៅក្នុងតំបន់ (West Bank) នេះ»។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យមានការត្រួតពិនិត្យ ចំពោះ «ការរំលោភលើបទបញ្ជារឹតបន្តឹងទាំងនេះ»។ ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល បានរាយការណ៍ថា វិធានការនេះត្រូវបានអនុម័តបន្ទាប់ពីមានសំណើដោយប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុក Shin Bet គឺលោក David Zini ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនូវអំពើហិង្សាដោយអ្នកតាំងទីលំនៅអ៊ីស្រាអែល ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank។
បើយោងតាមការផ្សាយរបស់ទូរទស្សន៍អ៊ីស្រាអែលដដែល បានឲ្យដឹងទៀតថា ការប្រើឧបករណ៍ត្រួតពិនិត្យនេះ នឹងជាខ្សែដៃអេឡិចត្រូនិក។ ជាការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន AFP កងទ័ពបានបញ្ជាក់ថា វិធានការនេះនឹងត្រូវបានអនុវត្ត ទាំងចំពោះជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីនដូចគ្នា៕

