សមាជិកសភាជប៉ុនដើមកំណើតចិន ដែលត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងប៉េកាំង បានទៅដល់ទីក្រុងតៃប៉ិ នៅថ្ងៃអង្គារ (ទី៦ ខែមករា ឆ្នាំ២០២៦) នេះ ដោយប្តេជ្ញានិយាយប្រាប់ពិភពលោកថា «កោះតៃវ៉ាន់ គឺជាដែនដីមានឯករាជ្យ»។
លោក Hei Seki ដែលជាសមាជិកសភារបស់ប្រទេសជប៉ុន ត្រូវបានដាក់ទណ្ឌកម្មកាលពីខែកញ្ញាឆ្នាំមុន ដោយចិន ហើយត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសនេះ ដោយត្រូវបានចាត់ទុកថា បាន «ពង្រីកការនិយាយភូតកុហក» ជុំវិញបញ្ហានានា ដូចជាកោះតៃវ៉ាន់ ហុងកុង និងតំបន់កោះដែលមានជម្លោះជាដើម។
ចិនអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងកំពុងមានជម្លោះជាមួយទីក្រុងតូក្យូ ជុំវិញកោះនានា ក្នុងសមុទ្រចិនខាងកើត ដែលប្រទេសទាំង២ បានអះអាងសិទ្ធិដូចគ្នា ហើយចាត់ទុកការរិះគន់បរទេស លើប្រធានបទនយោបាយរសើបជាច្រើនថា ជាសកម្មភាពជ្រៀតជ្រែក។

លោក Seki បានប្រាប់អ្នកសារព័ត៌មានដោយប្រើឈ្មោះផ្លូវការរបស់តៃវ៉ាន់ថា៖ «ការពិត ដែលថា ថ្ងៃនេះខ្ញុំអាចចូលមកកាន់កោះតៃវ៉ាន់ដោយមិនមានបញ្ហា បង្ហាញទាំងស្រុងថា សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋចិន (កោះតៃវ៉ាន់) គឺជាប្រទេស ២ ផ្សេងគ្នា»។
លោកបានបន្ថែមថា៖ «ខ្ញុំមកកោះតៃវ៉ាន់ថ្ងៃនេះ ជាដំបូង ដើម្បីបញ្ជាក់ពីចំណុចនេះ និងប្រាប់ពិភពលោកថា កោះតៃវ៉ាន់ គឺជាដែនដីមានឯករាជ្យ»។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់អ្នកសារព័ត៌មានថា «ការនិយាយស្តីមិនចេះគិតរបស់មនុស្សទុច្ចរិតកំប៉ិកកំប៉ុក មិនមានតម្លៃឲ្យឆ្លើយតបឡើយ»។
ក្រសួងការបរទេសចិន បានលើកឡើងនៅមុននេះថា លោក Seki ដែលទទួលបានសញ្ជាតិជប៉ុន «បានផ្សព្វផ្សាយព័ត៌មានមិនពិត ឃុបឃិតជាមួយកងកម្លាំងប្រឆាំងចិន ហើយមានបំណងវាយប្រហារ និងលាបពណ៌ចិន»៕
