កាលពីថ្ងៃចន្ទ អ៊ីរ៉ាក់បានបញ្ជូនអ្នកទោសអ៊ីរ៉ង់ចំនួន ១២៤ នាក់ ត្រឡប់ទៅប្រទេសវិញ ដើម្បីអនុវត្តទោសដែលនៅសល់របស់ពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន IRIB ដែលគ្រប់គ្រងដោយរដ្ឋ។

សារព័ត៌មាន IRIB បានដកស្រង់សម្តី លោក Askar Jalalian អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីរ៉ង់ទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចការអន្តរជាតិដែលបាននិយាយថា អ្នកទោសទាំងនោះ ដែលមានបុរស ១១១ នាក់ និងស្ត្រី ១៣ នាក់ ត្រូវបានជាប់ពន្ធនាគារ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលភាគច្រើនទាក់ទងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន។
លោក Jalalian បានបន្ថែមថា អ្នកទោសទាំងនោះ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញ តាមរយៈច្រកព្រំដែន Shalamcheh នៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់។
លោក Mojtaba Shasti Karimi អគ្គនាយកទទួលបន្ទុកកិច្ចការកុងស៊ុលនៃក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ការបញ្ជូនអ្នកទោសទាំងនេះ ត្រូវបានអនុវត្តជាផ្នែកមួយនៃកិច្ចព្រមព្រៀងឆ្នាំ ២០១១ រវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ទាក់ទងនឹងការធ្វើបត្យាប័នអ្នកទោស៕
