ប្រណាំងម៉ូតូ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្ដើមជើងឯកឆ្នាំ២០២២ Enduro Cross Challenge Championship 2022 បានត្រឡប់មកវិញហើយ ក្រោយខកខានរៀបចំរយៈពេល ២ឆ្នាំដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ខណៈមានការគាំទ្រ និងការចូលរួមកាន់តែច្រើនជាងមុន។

លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូត្រៃដ៏ធំនេះបានឲ្យដឹងថា ឆ្នាំ២០២២ នេះលោកគ្រោងរៀបចំការប្រកួត ២ជុំដោយជុំទី១ នឹងធ្វើការប្រកួតនាថ្ងៃទី២៧ ខែមីនាឆាប់ៗខាងមុខនេះនៅទីលានជិះគង់ស្ពានលីយ៉ុងផាត ខណៈជុំទី២ គ្រោងរៀបចំនាខែតុលា ឆ្នាំ២០២២។ លោកបានសម្ដែងនូវការសប្បាយចិត្ត ដែលការប្រកួតនេះអាចដំណើរការរៀបចំឡើងវិញ ក្រោមការគាំទ្ររបស់សហព័ន្ធកីឡាយានយន្ដកម្ពុជា និងមានការចូលរួមកាន់តែច្រើនពីសំណាក់កីឡាករ-កីឡាការិនីក៏ដូចជាដៃគូឧបត្ថម្ភ ក្នុងគោលបំណងលើកស្ទួយវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ហើយដុះខាតសមត្ថភាពកីឡាករ-កីឡាការិនីឆ្ពោះទៅរកកម្រិតស្ដង់ដារមួយ ដែលអាចឈានទៅរកការប្រកួតកម្រិតអន្ដរជាតិបាន។ ទន្ទឹមជាមួយគ្នា កីឡាករដែលបានចូលរួមហាត់សមជាមួយទីលាន ត្រៀមការប្រកួតផ្លូវការនាចុងខែនេះក៏បានសម្ដែងនូវការសប្បាយចិត្ត ដែលលោក ពេជ្រ សុខា បានរៀបចំការប្រកួតនេះឡើងវិញ ដ្បិតអំឡុងរយៈពេល ២ឆ្នាំកន្លងមក ពួកគេមិនបានចូលរួមការប្រកួតអ្វីនោះទេ ពោលគឺបានត្រឹមហ្វឹកហាត់តិចតួចប៉ុណ្ណោះ។
តាមរយៈនេះពួកគេសង្ឃឹមថា Enduro Cross Challenge Championship 2022 ជុំទី១ នាចុងខែនេះ នឹងមានការចូលរួមច្រើនកុះករពីសំណាក់កីឡាករ-កីឡាការិនី ក៏ដូចជាទស្សនិកជន។ សូមបញ្ជាក់ថា នេះគឺជាលើកទី៥ ហើយដែលលោក ពេជ្រ សុខា បានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះឡើង ហើយលោកក៏បានថ្លែងអំណរគុណដៃគូឧបត្ថម្ភ ដែលបានគាំទ្រ និងជំរុញឲ្យមានព្រឹត្តិការណ៍នេះកើតឡើងផងដែរ។ ចំពោះវិញ្ញាសាប្រកួតគឺមាន ៦វិញ្ញាសា ទាំងកម្រិតកុមារ មនុស្សពេញវ័យ និងវ័យចាស់ដែលបែងចែកតាមកម្រិតផ្សេងៗគ្នា។ ពេលនេះមានអ្នកចុះឈ្មោះប្រមាណ ៨០នាក់ហើយ ក្រោយគណៈកម្មការបើកទទួលពាក្យ ១សប្ដាហ៍ តែទម្រាំដល់ថ្ងៃប្រកួតលោក ពេជ្រ សុខា រំពឹងនឹងមានអ្នកចូលរួមយ៉ាងហោច ២០០ ទៅ ៣០០នាក់៕
អត្ថបទ៖ លី ឈុនឡា