សមាគមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយ នៅថ្ងៃអង្គារ (ទី៥ ខែមករា ឆ្នាំ២០២៦) នេះ បានរិះគន់ធ្ងន់ៗ ចំពោះរដ្ឋាភិបាលអ៊ីស្រាអែលដែលបន្តការហាមឃាត់របស់ខ្លួន លើសិទ្ធិមានកម្រិតរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចូលទៅកាន់តំបន់ហ្កាហ្សា ដោយបានចាត់ទុកចំណាត់ការនេះថា ជារឿងគួរឲ្យខកចិត្ត។
កាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក រដ្ឋាភិបាលបានប្រាប់តុលាការកំពូលនៅក្នុងលិខិតសុំឲ្យពិនិត្យមួយថា ការហាមប្រាមគួរតែនៅមានដដែល ដោយលើកឡើងពីហានិភ័យសន្តិសុខ នៅតំបន់ហ្កាហ្សាស្ទ្រីប។
ការដាក់ស្នើឲ្យពិនិត្យនេះ គឺជាការឆ្លើយតបទៅនឹងញត្តិដាក់ដោយសមាគមសារព័ត៌មានបរទេស (FPA) ដែលតំណាងឲ្យអ្នកសារព័ត៌មានរាប់រយនាក់ នៅក្នុងដែនដីអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយស្វែងរកសិទ្ធិចូលភ្លាមៗ និងគ្មានការរឹតបន្តឹងទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប សម្រាប់អ្នកសារព័ត៌មានបរទេស។

សមាគមនេះបានលើកឡើងនៅថ្ងៃអង្គារនេះថា «សមាគមសារព័ត៌មានបរទេស សូមសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងរបស់ខ្លួន ចំពោះការឆ្លើយតបចុងក្រោយរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅនឹងការអំពាវនាវរបស់យើង ដែលសុំឲ្យផ្ដល់សិទ្ធិចូលទាំងស្រុង និងដោយសេរីទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប»។
ចាប់តាំងពីផ្ទុះឡើងនូវសង្រ្គាម ក្នុងតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ២០២៣ ដែលបង្កឡើងដោយការវាយប្រហារលើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន រដ្ឋាភិបាលបានរារាំងអ្នកសារព័ត៌មានបរទេសមិនឲ្យចូលដោយឯករាជ្យនោះឡើយទៅក្នុងដែនដីដែលរងការបំផ្លិចបំផ្លាញមួយនេះ៕


