ប្រធានាធិបតីលីបង់ លោក Joseph Aoun បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅទីក្រុងជាច្រើន នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសលីបង់ កាលពីថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) បន្ទាប់ពីមានបញ្ជាឲ្យជម្លៀសចេញភ្លាមៗ។ ហើយបុគ្គលម្នាក់ បាននិយាយថា ការវាយប្រហារមួយរបស់អ៊ីស្រាអែល ក៏បានត្រូវផងដែរចំអគារកម្ពស់ ៣ជាន់ នៅក្រុង Sidon នាព្រឹកថ្ងៃអង្គារនេះ ដោយបានបណ្ដាលឲ្យមនុស្សម្នាក់រងរបួស។

ក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារនេះ លោក Aoun បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល «បង្កើតបានជាសំណួរដ៏សំខាន់មួយ» ខណៈដែលការវាយប្រហារទាំងនោះ បានកើតឡើងនៅមុនកិច្ចប្រជុំនៃគណៈកម្មាធិការយន្តការបទឈប់បាញ់ ដែលមានភារកិច្ចបញ្ឈប់អរិភាព និងពិភាក្សាអំពីជំហានជាក់ស្តែង ដើម្បីស្ដារសន្តិសុខ និងស្ថិរភាព នៅភាគខាងត្បូងលីបង់ ក្នុងនោះរួមមានទាំងការដកកងកម្លាំងអ៊ីស្រាអែល ប្រចាំនៅព្រំដែនភាគខាងត្បូង ការដោះលែងអ្នកជាប់ឃុំលីបង់ និងការបញ្ចប់ទាំងស្រុងនូវការដាក់ពង្រាយកងទ័ពលីបង់ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិលេខ ១៧០១។
លោកបានបន្ថែមថា៖ «ការបន្តវាយប្រហាររបស់អ៊ីស្រាអែល មានគោលបំណងបន្ទច់បង្អាក់កិច្ចខិតខំប្រឹងប្រែង ក្នុងស្រុក តំបន់ និងអន្តរជាតិ ក្នុងការទប់ស្កាត់ការកើនឡើងនូវភាពតានតឹងដែលកំពុងបន្តមាន បើទោះបីជាមានកិច្ចសហប្រតិបត្តិការរបស់ប្រទេសលីបង់ និងវិធានការរបស់រដ្ឋាភិបាល ក្នុងការពង្រីកអំណាចរដ្ឋនៅភាគខាងត្បូងនៃទន្លេ Litani ក៏ដោយ»។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងចំពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ អំពីការត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំដែលអាចកំណត់គោលដៅលើទីតាំងរបស់ក្រុមហេសបូឡា ប្រសិនបើរដ្ឋាភិបាល និងកងទ័ពលីបង់ មិនអាចរំសាយអាវុធរបស់ក្រុមនេះបាននោះទេ៕

