ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាបានប្រឹងប្រែងជាង ៤០ឆ្នាំហើយ ក្នុងការប្រកាន់គោលការណ៍ជាអាទិភាពកំពូលនោះ គឺសន្តិភាព។
សម្ដេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ ក្នុងពេលសម្តេចនិងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា វិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៧ខែមីនានេះ។
សម្ដេច បានគូសបញ្ជាក់ថា ការប្រកាន់យកនូវគោលការណ៍ជាអាទិភាពកំពូលគឺសន្តិភាពនេះ ដើម្បីសិទ្ធិរស់រានមានជីវិត ហើយបើមានសិទ្ធិរស់រានមានជីវិតហើយ គឺសិទ្ធិបញ្ចេញមតិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានធានា។ សម្ដេចថា ការដែលកម្ពុជាបានខិតខំក្នុងការរក និងរក្សាបាននូវសន្តិភាពមកដល់ថ្ងៃនេះ យើងមិនអាចបណ្ដែតបណ្ដោយឱ្យក្រុមមនុស្សមួយក្រុមមកបំផ្លាញបំផ្លាញសន្តិភាពយើងបានទេ។
សម្ដេច បានបញ្ជាក់ថា ឥឡូវនេះ ការជាក់ស្ដែងបានកើតឡើងនៅអ៊ុយក្រែន នៅអ៊ីរ៉ាក់ នៅស៊ីរី លីប៊ី ដែលកំពុងបន្ត ប៉ុន្តែឥឡូវនេះ បានកើតឡើងនៅអឺរ៉ុបតែម្ដង។
សម្តេច បញ្ជាក់ថា ប្រទេសនៅអឺរ៉ុប ទោះបីមិនទាន់ទទួលនូវការវាយប្រហារ ក៏កំពុងតែផ្ដោតការយកចិត្តទុកដាក់នូវសន្តិភាពនៅអឺរ៉ុប។ អ៊ីចឹងទេសម្តេច ក៏សង្ឃឹមថា អ្នកខាងក្រៅដែលមើលឃើញពីការយកចិត្តទុកដាក់នៃនយោបាយផ្ដល់អាទិភាពកំពូលទៅលើបញ្ហាសន្តិភាព សម្រាប់អ៊ុយក្រែន ក៏ត្រូវតែយល់ពីយើងផងដែរ ព្រោះកុំចាំបាច់មានសង្គ្រាមហើយទើបចាប់ផ្ដើមនឹកដល់ថាធ្វើយ៉ាងណាឱ្យមានសន្តិភាពព្រោះបើសិនឲ្យមានផ្ទុះហើយ លើកនេះប្រហែលជាគ្មានហ៊ុនសែនធ្វើនយោបាយឈ្នះ-ឈ្នះ ជាលើកទីពីរនោះទេ។ សម្តេចថា ការខុសត្រូវតិចតួចត្រូវនិយាយគ្នា ។តម្រូវការនៅក្នុងសង្គមវាតែងតែមានបញ្ហានេះ បញ្ហានោះកើតឡើង ប៉ុន្តែបញ្ហានោះ វាទាមទារឲ្យយើងអត់ធ្មត់ ដោះស្រាយតាមផ្លូវសីលធម៌ក្តីតាមផ្លូវច្បាប់ក្តី ប៉ុន្តែកុំអ្វីឡើងមកចាប់ហ៊ុនសែនអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបែរចុងកាណុង មកបាញ់ហ៊ុនសែន តើនោះជាអ្វី?មានន័យថា អំពាវនាវឲ្យមានសង្គ្រាម ដូច្នេះគឺអ្នក នៅតែឯងនោះទៅ។ ទៅជាឧទាមក្រៅច្បាប់នោះទៅ ប៉ុន្តែបើសិនជាអ្នកជាឧទ្ទាមក្រៅច្បាប់ នៅក្នុងប្រទេសអ្នកមិនអាចរួចខ្លួននោះឡើយ។
ដូច្នេះគ្រប់ពេលណាៗទាំងអស់សម្ដេច តែងតែអំពាវនាវឲ្យយកចិត្តទុកដាក់ រក្សាសន្តិភាព ស្ថេរភាពនយោបាយជាមួយនឹងការយកចិត្តទុកដាក់ទៅលើបញ្ហាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទាំងពីរនេះត្រូវក្តាប់ឱ្យមាំ ទើបធានាថាកម្ពុជាបោះជំហានទៅមុខហើយ៕អត្ថបទ មុត សុទ្ធ







