លោក Stephen Miller គឺជាជំនួយការម្នាក់ក្នុងចំណោមជំនួយការដ៏មានឥទ្ធិពលបំផុតរបស់ប្រធានាធិបតីសហដ្ឋអាមេរិកលោក Donald Trump និយាយថា កោះ Greenland គួរតែក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ដើម្បីការពារអង្គការណាតូ និងតំបន់អាក់ទិក ។
ពេលសួរនៅក្នុងបទសម្ភាសន៍ជាមួយ CNN ដើម្បីបញ្ជាក់ថាតើ សហរដ្ឋអាមេរិកនឹងមិនច្រានចោលការប្រើប្រាស់កម្លាំងឬ ដើម្បីដាក់បញ្ចូលតំបន់ពាក់កណ្តាលស្វយ័តមួយនេះរបស់ដាណឺម៉ាកដែលជាសមាជិករបស់អង្គការណាតូ ជាឧបសម្ព័ន្ធរបស់ខ្លួននោះ លោក Miller និយាយថា គ្មាននរណាម្នាក់នឹងហ៊ានប្រយុទ្ធតតាំងជាមួយសហរដ្ឋអាមេរិកនោះឡើយ ជុំវិញអនាគតកោះ Greenland ។
កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Trumpបាននិយាយម្តងហើយម្តងទៀតពីការទទួចរបស់លោកថា សហរដ្ឋអាមេរិកត្រូវការកោះ Greenland ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់នាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen ដែលបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងបញ្ចប់អង្គការណាតូ ។
នៅថ្ងៃអង្គារនេះ បណ្តាប្រទេសមហាអំណាចអឺរ៉ុបចំនួន ៦ បានរួបរួមគ្នាឈរនៅពីក្រោយកោះ Greenland ផងដែរ ក្រោយប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដែលមេដឹកនាំវេណេស៊ុយអេឡាត្រូវបានចាប់ខ្លួននោះ បានធ្វើឲ្យការព្រួយបារម្ភកើតមានឡើងវិញនៅប្រទេសដាណឺម៉ាកថា កោះមួយនេះ អាចនឹងប្រឈមសេណារីយ៉ូស្រដៀងគ្នា ។
សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ និងដាណឺម៉ាក និយាយថា កោះ Greenland ជារបស់ពលរដ្ឋរបស់ពួកគេ ហើយមានតែដាណឺម៉ាក និងកោះ Greenland មួយគត់ ដែលអាចសម្រេចចិត្តលើបញ្ហាពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ពួកគេបាន ៕